(ប៉េកាំង)៖ នាចុងសប្តាហ៍នេះ ចិននិងជប៉ុនបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការបំពានដែនសមុទ្រ បន្ទាប់ពីហេតុការណ៍ប្រឈមមុខគ្នា ​រវាងឆ្មាំសមុទ្ររបស់ប្រទេសទាំងពីរ ក្នុងដែនទឹកក្បែរទីប្រជុំកោះដែលមានបញ្ហាវិវាទ នៅតំបន់សមុទ្រចិនខាងកើត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១០ ខែធ្នូ ឆ្នាំ២០២៣។

នាថ្ងៃអាទិត្យនេះ ឆ្មាំសមុទ្រចិនបាននិយាយថា ទូកនេសាទ១គ្រឿង និងនាវាល្បាតមួយចំនួនទៀតរបស់ជប៉ុន កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានទន្ទ្រានចូលមកក្នុង​ផ្ទៃទឹក នៅក្បែរទីប្រជុំកោះតូចមួយកន្លែង ដែលចិនផ្ទាល់ហៅថា Daioyu ខណៈខាងជប៉ុនហៅថា Senkaku។ តំបន់ទីប្រជុំកោះដែលគ្មានមនុស្សរស់នៅនេះ ស្ថិតក្រោមការកាន់កាប់របស់ជប៉ុន ប៉ុន្តែត្រូវបានទាមទារដោយចិន។ ខាងឆ្មាំសមុទ្រចិន បានបន្តថា ខ្លួនបានចាត់វិធានការចាំបាច់ ស្របទៅតាម​ច្បាប់ ដើម្បីព្រមានទូកនិងនាវាជប៉ុនឱ្យចាកចេញទៅវិញ។

រីឯកាលពីថ្ងៃសៅរ៍ ឆ្មាំសមុទ្រជប៉ុនបាននិយាយថា នាវាល្បាតដែនសមុទ្រចិន២គ្រឿង បានចាកចេញពីដែនទឹករបស់ជប៉ុន នៅក្បែទីប្រជុំកោះ​ខាងលើ ក្រោយទទួលបានការព្រមាន។ យោងតាមឆ្មាំសមុទ្រជប៉ុន នាវាល្បាត២គ្រឿងរបស់ខ្លួន បានការពារទូកនេសាទជប៉ុន១គ្រឿង ដែលក្រុមនាវាចិនសំដៅឆ្ពោះទៅរក។ ឧប្បត្តិហេតុស្រដៀងគ្នាបែបនេះ ធ្លាប់បានកើតមានកាលពីខែវិច្ឆិកា និងតុលាកន្លងទៅ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុទាក់ទងបញ្ហាជម្លោះដែនសមុទ្រនៅតំបន់អាស៉ី ដែលពាក់ព័ន្ធជាមួយប្រទេសចិន គឺកំពុងមានការកើនឡើង។ តួយ៉ាង នាចុងសប្តាហ៍នេះ ចិននិងហ្វីលីពីន ក៏បានចោទប្រកាន់គ្នាទៅវិញទៅមកផងដែរ ជុំវិញហេតុការណ៍ប៉ះទង្គិចគ្នាសាជាថ្មី រវាងទូកនិងនាវា​របស់ភាគីទាំងពីរ នៅតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ ការប្រឈមមុខគ្នារវាងចិននិងហ្វីលីពីន បានកើតមានកាន់តែញឹកញាប់ នៅក្នុង​ពេលប៉ុន្មានខែចុងក្រោយនេះ នៅតំបន់សមុទ្រចិនខាងត្បូង៕

រូបភាពពី Reuters