(ម៉ានីល)៖ ហ្វីលីពីន នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូនេះបានចោទប្រកាន់ឆ្មាំសមុទ្រចិនថាបានប្រើកាណុងបាញ់ទឹក ដើម្បីបង្កការរំខានដល់ ទូក ៣គ្រឿងរបស់រដ្ឋាភិបាលទីក្រុងម៉ានីល ដែលកំពុងដឹកជញ្ជូនស្បៀង និងសម្ភារៈចាំបាច់នានា សម្រាប់អ្នកនេសាទហ្វីលីពីន នៅក្បែរតំបន់ថ្មប៉ប្រះទឹកមួយគ្រប់គ្រងដោយចិ​ន ក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ កងកម្លាំងហ្វីលីពីនទទួលបន្ទុកកិច្ចការសមុទ្រហ្វីលីពីនភាគខាងលិច បាននិយាយថានាវាឆ្មាំសមុទ្រចិន បានប្រើកាណុងបាញ់ទឹក ដើម្បីបង្កការរំខានដល់ទូករដ្ឋាភិបាលដែលកំពុងដឹកជញ្ជូនប្រេងឥន្ធនៈ និងស្បៀងអាហារទៅឱ្យ ទូកនេសាទហ្វីលីពីន។ ឧប្បត្តិហេតុនេះបានកើតឡើងនៅក្បែរតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាតំបន់វិវាទមួយរវាង ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល

គួរបញ្ជាក់ថា ចិនបានគ្រប់គ្រងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ក្នុងឆ្នាំ២០១២។ តំបន់ថ្មប៉ប្រះទឹកនេះស្ថិតនៅចម្ងាយ ២៤០ គីឡូម៉ែត្រនៃភាគខាងលិចកោះ Luzon របស់ហ្វីលីពីន និងស្ថិតនៅចម្ងាយជិត ៩០០គីឡូម៉ែត្រពីចំណុចជិតបំផុតនៃខេត្ត Hainan របស់ចិន៕

រូបភាពពី AFP