(នេប៉ាល់)៖ ប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទ (១៣ វិច្ឆិកា) បាននិយាយថា ខ្លួននឹងហាមប្រាម TikTok ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមានរបស់កម្មវិធីនេះ ទៅលើភាពសុខដុមរមនាក្នុងសង្គម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

វេទិកាចែករំលែកវីដេអូដ៏ពេញនិយម ដែលមានអ្នកប្រើប្រាស់ប្រហែល ១ពាន់លាននាក់ប្រចាំខែ បានប្រឈមមុខនឹងការរឹតបន្តឹងនៅក្នុងប្រទេសមួយចំនួន សម្រាប់ការរំលោភលើមូលដ្ឋានទិន្នន័យ និងផលប៉ះពាល់ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សវ័យក្មេង។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មាន លោក Rekha Sharma បាននិយាយថា «ការសម្រេចចិត្តហាមឃាត់ត្រូវបានគេធ្វើឡើងនៅថ្ងៃនេះ ហើយអាជ្ញាធរពាក់ព័ន្ធកំពុងដោះស្រាយបញ្ហាបច្ចេកទេស»។

លោក Sharma បានគូសបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយសារតែ TikTok ត្រូវបានប្រើជានិច្ចដើម្បីចែករំលែកមាតិកាដែល«រំខានដល់សុខដុមរមនាក្នុងសង្គម និងរំខានដល់រចនាសម្ព័ន្ធគ្រួសារនិងទំនាក់ទំនងសង្គម»។

ការសម្រេចចិត្តនេះទៀតសោតកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេប៉ាល់បានចេញសេចក្តីណែនាំមួយ​ដែលតម្រូវឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសនេះ បង្កើតការិយាល័យរបស់ខ្លួន។

TikTok គឺជាវេទិកាសង្គមទីប្រាំមួយដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ នៅលើពិភពលោក នេះបើយោងតាមភ្នាក់ងារទីផ្សារ We Are Social៕

រូបភាពពី AFP