(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបមុខគ្នាដោយផ្ទាល់ក្នុងជំនួបទល់មុខ លើកដំបូងបំផុត នារយៈពេលមួយឆ្នាំមកនេះ នាឱកាសដែលលោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៧ ខែវិច្ឆិកានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក (APEC) រៀបចំឡើងក្នុងទីក្រុង San Francisco។

នៅមុនជំនួបកំពូលនេះកើតឡើង ក្រុមអ្នកវិភាគជាច្រើនមិនបានបង្ហាញពីការរំពឹងខ្ពស់នៃលទ្ធផលពីកិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ស៊ី ជិនពីង នោះទេ ដោយពួកគេយល់ថាគ្រាន់តែចូលរួមក្នុងកិច្ចប្រជុំមួយ គឺមិនអាចដោះស្រាយបញ្ហារវាងមហាអំណាចទាំង២បានឡើយ។ ប៉ុន្តែ ជំនួបបែបនេះ ពិតជាមានសារៈសំខាន់សម្រាប់ពិភពលោក ដ្បិតយ៉ាងហោច វាអាចបញ្ជាក់បានថាទាំងសហរដ្ឋអាមេរិក និងចិននៅតែចង់ ដោះស្រាយបញ្ហាជាមួយគ្នា ជាជាងបង្ករឿងដាក់គ្នាទៅវិញទៅមក។ នេះអាចជាហេតុផលមួយដែលវ៉ាស៊ីនតោន និងប៉េកាំងប្រឹងប្រែងប្រើប្រាស់ យន្ដការការទូត អស់រយៈពេលជាច្រើនខែកន្លងមកនេះ ដើម្បីរៀបចំ ឱ្យមានកិច្ចប្រជុំកំពូលរវាងលោក បៃដិន និងលោក ស៊ី ជិនពីង។

តាមក្រុមអ្នកវិភាគ សេដ្ឋកិច្ចនៅតែជា​ «មូលដ្ឋានស្នូល» នៃទំនាក់ទំនងរវាងប្រទេសទាំង២។ ជាក់ស្ដែងទោះជាមានភាពតានតឹងគ្នាខ្លាំងប៉ុនណា ក៏ដោយ ក៏សហរដ្ឋអាមេរិក និងចិននៅតែពឹងផ្អែកគ្នាទៅវិញទៅមក ក្នុងការធ្វើពាណិជ្ជកម្ម ដោយទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេស ទាំង២ មានទំហំជិត ៧៦០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ខណៈទំហំវិនិយោគមានដល់ទៅ ១.៨ទ្រីលានដុល្លារ។ នេះជាការពិតមួយមិនអាច ប្រកែកបានដោយ សូម្បីតែទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan ក៏បានទទួលស្គាល់ដែរថាទំនាក់ទំនងសេដ្ឋកិច្ចជាមួយចិន នឹងមិនរលាយបាត់ទៅណានោះទេ។ ក្នុងអត្ថបទមួយចេញផ្សាយនៅលើទស្សនាវដ្ដី Foreign Affairs លោក Jake Sullivan បានគូសបញ្ជាក់ថា «បញ្ហាប្រឈមដ៏ចម្បងរបស់សហរដ្ឋអាមេរិក នោះគឺ ការប្រកួតប្រជែងក្នុងយុគសម័យពឹងផ្អែកគ្នាទៅវិញទៅមក ហើយសហរដ្ឋអាមេរិក និងចិនគឺពឹងផ្អែកគ្នាទៅវិញទៅមកលើសេដ្ឋកិច្ច»។

ចុះបើដូច្នេះថាតើលោក បៃដិន និងលោក ស៊ី ជិនពីង ចង់បានអ្វីពីគ្នាទៅវិញទៅមក? សម្រាប់ភាគីចិន លោក ស៊ី ជិនពីងផ្ទាល់នារយៈពេលថ្មីៗ នេះ បានលើកឡើងជាសាធារណៈពី «ការបញ្ឈប់អរិភាពនឹងគ្នា» បន្ទាប់ពីចាយពេលជាច្រើនខែក្នុងឆ្នាំ២០២៣នេះដោយបដិសេធលើកការហៅទូរស័ព្ទពី លោក ចូ បៃដិន ក្រោយសហរដ្ឋអាមេរិកបាញ់ទម្លាក់បាឡុងចិនមួយគ្រឿងដែលមន្ទីរបញ្ចកោណ ចោទថាជាបាឡុងស៊ើបការណ៍ ក្នុងដែនអាកាសអាមេរិកកាលពីដើមឆ្នាំ២០២៣។ ថ្លែងទៅកាន់ក្រុមប្រតិភូតំណាងរាស្ត្រធ្វើទស្សនកិច្ចនៅប្រទេសចិនកាលពីខែតុលាកន្លងទៅនេះ លោក ស៊ី ជិនពីង បានកត់សម្គាល់ថា «មានមួយពាន់ហេតុផល ដើម្បីធ្វើឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក-ចិនមានភាពល្អប្រសើរ ហើយគ្មានហេតុផល ណាមួយទាល់តែសោះ ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែអាក្រក់ឡើង»។ មិនតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងចិនត្រឡប់មកប្រកាន់ភ្ជាប់នូវស្មារនៃកងកម្លាំង Flying Tigers របស់អាមេរិក ដែលធ្លាប់ចូលរួមប្រយុទ្ធ ដើម្បីប្រទេសចិន ក្នុងសម័យសង្គ្រាមលោកលើកទី២ ប្រឆាំងនឹងជប៉ុន។

ការផ្លាស់ប្ដូរវោហាសាស្ត្របែបនេះរបស់ចិន បានបង្ហាញថាអ្វីដែលចិនត្រូវការនៅពេលនេះ គឺស្ថិរភាពក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។ ការមានទំនាក់ទំនងស្ថិរភាព អាចនឹងទុកពេលវេលាឱ្យលោក ស៊ី ជិនពីង ផ្ដោតលើការដោះស្រាយបញ្ហាធំៗនៅក្នុងស្រុក។ ជាពិសេសគឺសេដ្ឋកិច្ច ចិនតែម្ដង ដែលកំពុងជួបបញ្ហាចាប់តាំងពីការលុបចោលវិធានការទប់ស្កាត់កូវីដ១៩ កាលពីខែធ្នូ ឆ្នាំ២០២២មក។ ប៉ុន្មានខែចុងក្រោយនេះមាន ការជជែកវែកញែកនៅក្នុងចំណោមបណ្ដាប្រទេសលោកខាងលិចថាកំណើនសេដ្ឋកិច្ចចិនមិនមានសន្ទុះខ្លាំង និងលែងស្ថិតនៅលើគន្លងផ្លូវ ដែល ឆ្ពោះទៅរកការវ៉ាដាច់សហរដ្ឋអាមេរិក នៅចុងទសវត្សរ៍នេះ ទៀតនោះឡើយ។ បើតាមការគណនារបស់សារព័ត៌មាន Bloomberg ការកាន់កាប់ ភាគហ៊ុន និងបំណុលបរទេសរបស់ចិនបានធ្លាក់ចុះប្រហែល ១.៣៧ទី្រលានយ័ន (១៨៨ពាន់លានដុល្លារ) ឬស្មើនឹងធ្លាក់ចុះអស់ ១៧ភាគរយ គិតចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣នេះ។

ត្រង់ចំណុចនេះដែរ លោក Dongshu Liu ជាអ្នកជំនាញម្នាក់ស្ដីពីនយោបាយចិនមកពីសាកលវិទ្យាល័យទីក្រុងហុងកុង City University of Hong Kong បាននិយាយថា «គោលបំណងរបស់ប៉េកាំង ក្នុងការបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃនិន្ននាការ ច្បាស់លាស់ ហើយខ្ញុំគិតថាមានមួយផ្នែក គឺដោយសារតែចិនមានបញ្ហាសេដ្ឋកិច្ចនៅក្នុងស្រុក»។ អ្នកជំនាញរូបនេះបន្តថាចិនកំពុងប្រឈមមុខ នឹងសម្ពាធដ៏ធំ ហើយត្រូវការជាចំាបាច់យ៉ាងណាស់នូវការធានាឡើងវិញដល់អ្នកវិនិយោគបរទេស និងបណ្ដាប្រទេសដទៃថាចិននៅតែមាន ឆន្ទៈបើកចំហទៅកាន់ពិភពលោក។

ចំណែក សម្រាប់សហរដ្ឋអាមេរិកវិញ ក្រុមមន្ត្រីរដ្ឋបាលលោក ចូ បៃដិន បានលើកឡើងជាសាធារណៈពីតម្រូវការចាំបាច់ដែលសហរដ្ឋអាមេរិក និងចិន ត្រូវធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាទៅវិញទៅមកលើការដោះស្រាយបញ្ហាជាច្រើនរបស់ពិភពលោក ក្នុងនោះដូចជាការប្រែប្រួលអាកាសធាតុ និងការបន្ធូរបន្ថយបំណុលសម្រាប់បណ្ដាប្រទេសមានប្រាក់ចំណូលទាប។ ជាលក្ខណៈឯកជនវិញ ក្រុមមន្ត្រីអាមេរិកចង់បានការជួយពីចិន ដើម្បី បន្ធូរបន្ថយភាពតានតឹងភូមិសាស្ត្រនយោបាយ ក្នុងបរិបទដែលសហរដ្ឋអាមេរិកកំពុងជាប់ដៃជួយអ៊ុយក្រែនប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់រុស្ស៉ី ផង និងជួយអ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងហាម៉ាសផង។ ជាយុទ្ធសាស្ត្រល្អ សហរដ្ឋអាមេរិកមិនអាចលូកដៃ ឬត្រូវជាប់ផុងក្នុងជម្លោះ ឬក៏ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយណាមួយបន្ថែមទៀតនោះទេ។

តាមពិតទៅ ក្រុមមន្ត្រីអាមេរិកបានបាត់បង់ជំនឿចិត្តលើចិន នៅក្នុងសង្រ្គាមនៅអ៊ុយក្រែនរួចទៅហើយ ជាពិសេសបន្ទាប់ពីលោក ស៊ី ជិនពីង ទទួល ស្វាគមន៍លោក ពូទីន ដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែតុលាកន្លងទៅនេះ។ ប៉ុន្តែ ខណៈចិនមិនបានថ្កោលទោសលើក្រុមហាម៉ាស សម្រាប់ការវាយប្រហារលើអ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក្រុមមន្ត្រីរដ្ឋបាលលោក បៃដិន បាននិយាយថានៅពីក្រោយឆាក ពួកគេសម្រេចបាន ភាពជឿនលឿនមួយចំនួន ក្នុងការជំរុញឱ្យចិនបញ្ជូនសារមួយចំនួនទៅកាន់ថ្នាក់ដឹកនាំអ៉ីរ៉ង់ដែលជាខ្នងបង្អែកដ៏ធំមួយរបស់ក្រុមហាម៉ាស។

ជំនួបតែមួយមុខរវាងលោក បៃដិន និងលោក ស៊ី ជិនពីង នឹងមិនអាចដោះស្រាយរាល់បញ្ហាទាំងអស់រវាងសហរដ្ឋអាមេរិក និងចិនបាននោះទេ ហើយអ្វី ដែលគេកំពុងរង់ចាំអ៊ុតមើល នោះគឺថាតើនឹងមានអ្វីកើតឡើងក្រោយការបោះឆ្នោតរើសមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅឆ្នាំ២០២៤ខាងមុខនេះ។ ដូច្នេះ ដូចគ្នាទៅនឹងលោក ស៊ី ជិនពីងដែរ រឿងទីមួយដែលលោក បៃដិន កំពុងត្រូវការបំផុត នោះគឺ «ចង់មានពេលវេលាគ្រប់គ្រាន់ដកដង្ហើមឱ្យបានស្រួលសិន ដើម្បីអាចផ្ដោតលើការដោះស្រាយបញ្ហាក្នុងស្រុក ខណៈលោកកំពុងដឹកនាំយុទ្ធនាការឃោសនារកសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ ស្របពេលការស្ទង់មតិជាច្រើនកាលពីថ្មីៗនេះបង្ហាញថាលោក បៃដិន ទទួលបានការគំាទ្រតិចតួច ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលមួយផ្នែកធំបង្កឡើងដោយអតិផរណា៕