(ឡុងដ៍)៖ ប្រភពពីរដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថា នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានសម្រេច​បណ្តេញរដ្ឋមន្រ្តីមហាផ្ទៃរបស់លោក គឺលោកស្រី Suella Braverman ចេញពីតំណែង ដែលវាគឺជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកស្រី បានរិះគន់ថា ប៉ូលិសប្រកាន់ជំហរលម្អៀងទៅលើ ចលនាបាតុកម្មគាំទ្រប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពខាងលើបានអះអាងថា ដោយស្ថិតក្រោមសម្ពាធពីក្រុមសមាជិកសភាបក្សប្រឆាំង និងសមាជិកនៃគណបក្សកាន់អំណាចរបស់លោក​ផ្ទាល់ ដែលទាមទារចង់ឱ្យដកហូតតំណែងលោកស្រី Braverman លោក Sunak បានសម្រេចចិត្តធ្វើយ៉ាងដូច្នោះ ដោយបានស្នើសុំឱ្យ​លោកស្រីចាកចេញពីរដ្ឋាភិបាល ហើយលោកស្រី Braverman ក៏បានទទួលយកសំណើនោះ។ រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក James Cleverly ត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី។ រីឯបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក David Cameron នឹងត្រូវក្លាយជារដ្ឋមន្រ្តីការបរទេស ជំនួសលោក Cleverly។

កាលពីសប្តាហ៍មុន លោកស្រី Braverman បានចេញអត្ថបទមួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអង់គ្លេស ដោយមានខ្លឹមសារចោទប្រកាន់​ប៉ូលិសអង់គ្លេសថា ប្រកាន់នូវស្តង់ដាពីរ ក្នុងការប្រព្រឹត្តទៅលើសកម្មភាពបាតុកម្ម ពោលគឺមានភាពលម្អៀងទៅកាន់ក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។ ការចោទប្រកាន់របស់លោកស្រី ត្រូវគណបក្សប្រឆាំងអះអាងថា បានបង្កើនភាពតានតឹងអំលុងចលនាបាតុកម្មគាំទ្រប៉ាឡេស្ទីន និងសកម្មភាពបាតុកម្មប្រឆាំងចលនានោះ នៅក្នុងចក្រភពអង់គ្លេស។

គួរបញ្ជាក់ថា ការដកតំណែងរដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសនេះកើតមានឡើង ស្របពេលដែលគណបក្សកាន់អំណាចអង់គ្លេស បានឱ្យដឹងថា ការរុះរើទ្រង់ទ្រាយធំមួយ នៃរដ្ឋមន្រ្តីកំពូលៗរបស់រដ្ឋាភិបាលលោក Sunak កំពុងតែប្រព្រឹត្តទៅ ខណៈវាគឺជាការរុះរើលើក​ដំបូងបំផុត គិតចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែតុលា ឆ្នាំ២០២២។ លោកស្រី Braverman ត្រូវបានតែងតាំងជា​រដ្ឋមន្រ្តីមហាផ្ទៃ ក្រោយពេលលោក Sunak ក្លាយជានាយករដ្ឋមន្រ្តី៕

រូបភាពពី Reuters