(ប៉េកាំង)៖ កិច្ចជំនួបនៅសាន់ហ្វ្រាន់ស៊ីស្កូ រវាងប្រមុខរដ្ឋចិននិងអាមេរិកនៅសប្តាហ៍ក្រោយ គឺជាកិច្ចជំនួបទល់មុខគ្នាលើកដំបូង រវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចជំនួបដែលធ្វើឡើងនៅកោះបាលី កាលពីឆ្នាំ២០២២។ ភាគីទាំងពីរ នឹងធ្វើការប្រាស្រ័យទាក់ទងយ៉ាងស៊ីជម្រៅទៅលើបញ្ហាស្តីពីយុទ្ធសាស្ត្រ ស្ថានភាពទូទៅនិងទិសដៅ ដែលទាក់ទិននឹងទំនាក់ទំនងចិននិងអាមេរិក ព្រមទាំងបញ្ហាសំខាន់ៗទាក់ទិននឹងសន្តិភាពនិងការអភិវឌ្ឍពិភពលោក។ ពិភពលោកទន្ទឹងរង់ចាំកិច្ចជំនួបនៅសាន់ហ្វ្រាន់ស៊ីស្កូរវាងប្រមុខរដ្ឋចិននិងអាមេរិក នឹងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ និងទទួលបាននូវសមិទ្ធផល។

នេះជាកិច្ចជំនួបដែលបានមកដោយមិនងាយមួយលើក ហើយ "ការវិលត្រឡប់ទៅរកគំនិតឯកភាពរួម នៅកោះបាលីឡើងវិញ" គឺជាគន្លឹះសំខាន់។ មូលហេតុដែលទំនាក់ទំនងចិននិងអាមេរិក ជួបការលំបាកក្នុងមួយឆ្នាំកន្លងមក គឺដោយសារគំនិតឯកភាពរួម នៅកោះបាលីមិនត្រូវបានយកមកអនុវត្ត។ ដោយយល់ខុសចំពោះប្រទេសចិន អ្នកនយោបាយអាមេរិក បានអនុវត្តគោលនយោបាយខុសឆ្គងចំពោះប្រទេសចិន។

ចាប់តាំងពីការបំពេញទស្សនកិច្ច នៅប្រទេសចិនរបស់លោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីខែមិថុនា ឆ្នាំ២០២៣មក អាមេរិកបានបង្ហាញអាកប្បកិរិយា ដែលបន្ធូរបន្ថយភាពតានតឹង នៃទំនាក់ទំនងចិននិងអាមេរិក។ ភាគីអាមេរិកគួរតែដឹងថា ការទប់ស្កាត់និងការគាបសង្កត់ចិន គឺមិនអាចទៅរួចទេ។ ការដោះស្រាយបញ្ហាដូចជាបម្រែបម្រួលអាកាសធាតុ បញ្ហាក្ដៅគគុកក្នុងតំបន់ សូម្បីតែការស្តារឡើងវិញនៃសេដ្ឋកិច្ចអាមេរិក សុទ្ធតែមិនអាចកាត់ផ្ដាច់ពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនបានទេ។ បន្ទាប់ពីធ្វើដំណើរដ៏បត់បែន អាមេរិកបានវិលត្រឡប់ទៅរកគំនិតឯកភាពរួម និងរបៀបវារៈកោះបាលីវិញដោយខានពុំបាន។

គន្លឹះនៃការវិលត្រឡប់ទៅរកគំនិតឯកភាពរួម នៅកោះបាលីឡើងវិញ គឺស្ថិតនៅលើប្រតិបត្តិការ។ ក្នុងនោះ បញ្ហាតៃវ៉ាន់គឺជាចំណុចគន្លឹះក្នុងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាខ្សែបន្ទាត់ក្រហមសំខាន់បំផុតដែលមិនអាចផ្លោះរំលង បានក្នុងទំនាក់ទំនងចិននិងអាមេរិក។ ពេលថ្មីៗនេះ ភាគីអាមេរិកបានបញ្ជាក់ជាថ្មីម្តងទៀតថា គោលនយោបាយចិនតែមួយរបស់ខ្លួន មិនបានប្រែប្រួល ហើយខ្លួនមិនគាំទ្រឱ្យ "តៃវ៉ាន់ឯករាជ្យ" ទេ។ លើសពីនេះទៀត មន្ត្រីអាមេរិកបានថ្លែងម្តងហើយម្តងទៀតថា ពួកគេ "មិនស្វែងរកការផ្តាច់ទំនាក់ទំនង និងផ្តាច់ខ្សែសង្វាក់ជាមួយប្រទេសចិនទេ" ហើយយល់ឃើញថា ការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចរវាង អាមេរិកនិងចិននឹងនាំមកនូវ" ផលវិបាកមហន្តរាយដល់ប្រទេសទាំងពីរនិងពិភពលោក"។ ការបង្ហាញឥរិយាបថទាំងនេះ គួរឱ្យយកចិត្តទុកដាក់ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺត្រូវប្រែក្លាយទៅជាការអនុវត្តជាក់ស្តែង។

ពេលបច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ ការប៉ះទង្គិចភូមិសាស្ត្រនយោបាយកាន់តែខ្លាំងក្លា ហើយកត្តាមិនប្រាកដប្រជានិងអស្ថិរភាពកំពុងកើនឡើង។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិកលើសពីមួយភាគបីនៃពិភពលោក ចំនួនប្រជាជនសរុបមានចំនួនជិតមួយភាគបួននៃពិភពលោក ហើយទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួនប្រហែល ជាមួយភាគប្រាំនៃពិភពលោក។ តើចិននិងអាមេរិកគួររួមរស់ជាមួយគ្នាដោយរបៀបណា វានឹងសម្រេចអនាគត និងជោគវាសនារបស់មនុស្សជាតិ។

ក្នុងអំឡុងពេលកិច្ចជំនួបកោះបាលី លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា គួរតែចាត់ទុកនិងដោះស្រាយ ទំនាក់ទំនងរវាងចិននិងអាមេរិក ដោយឈរលើមូលដ្ឋាននៃការក្តាប់ជាប់និន្នាការទូទៅ នៃពិភពលោក។ អ្នកទាំងអស់គ្នាក៏រំពឹងទុកថា កិច្ចជំនួបនៅសាន់ហ្វ្រាន់ស៊ីស្កូរបស់ប្រមុខរដ្ឋចិននិងអាមេរិក នឹងធ្វើការប្រាស្រ័យទាក់ទងដោយស៊ីជម្រៅស្តីពី បញ្ហាសំខាន់ៗផ្នែកសន្តិភាពនិងការអភិវឌ្ឍពិភពលោក ដែលនឹងធ្វើឱ្យពិភពលោកមានចិត្តស្ងប់និងផ្តល់ ផលប្រយោជន៍ដល់ពិភពលោកទាំងមូល។

កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិក នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូលើកនេះ បានបង្ហាញបន្ថែមទៀតនូវភាពស្មោះត្រង់របស់ភាគីចិន ដ៏ដូចជាទំនួលខុសត្រូវខ្ពស់ ចំពោះទំនាក់ទំនងចិននិងអាមេរិក និងសន្តិភាពនិងការអភិវឌ្ឍពិភពលោក។ សង្ឃឹមថា អាមេរិកនឹងបោះបង់ចោល នូវគំនិតស្តីពីការប្រកួតប្រជែងរវាងមហាអំណាច រំដោះចេញពីឥទ្ធិពលនៃការប្រយុទ្ធគ្នារវាងបក្សក្នុងស្រុក និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកនយោបាយ ហើយធ្វើកិច្ចសន្ទនាប្រកបដោយវិចារណញ្ញាណ និងប្រាកដប្រជាជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជន ក៏ដូចជាទំនួលខុសត្រូវចំពោះពិភពលោក។ តើទំនាក់ទំនងរវាងចិននិងអាមេរិកអាចមាន "ស្ថិរភាពនិងប្រសើរឡើង" ជាបន្តបន្ទាប់ឬអត់ មនុស្សគឺជាអ្នកសម្រេច៕

អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន