(ហ្ស៊េរុយសាឡិម)៖ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា អ៉ីស្រាអែលបានស្នើផ្តល់ប្រេងឥន្ធនៈដល់មន្ទីរពេទ្យ Shifa នៃតំបន់ Gaza ដែលត្រូវផ្អាកប្រតិបត្តិការដោយសារតែអស់ប្រេងឥន្ធនៈ ប៉ុន្តែក្រុមសកម្មប្រយុទ្ធហាម៉ាសបានបដិសេធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅពេលកម្មវិធីព័ត៌មានរបស់ប៉ុស្តទូរទស្សន៍ NBC សាកសួរថា តើការចោទប្រកាន់របស់អ៉ីស្រាអែល ដែលថាក្រុមហាម៉ាស មានប៉ុស្តិ៍បញ្ជានៅក្រោម មន្ទីរពេទ្យខាងលើ ដែលជាពេទ្យធំជាងគេរបស់តំបន់ Gaza គឺជាហេតុផលសមស្របមួយ សម្រាប់ការបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ និងទារក ឬយ៉ាងណានោះ? លោក Netanyahu បានបញ្ជាក់ថា «ផ្ទុយទៅវិញ គឺតាមពិតទៅ កាលពីយប់មិញ យើងបានស្នើផ្តល់ប្រេងឥន្ធនៈឱ្យពួកគេ សម្រាប់ដំណើរការមន្ទីរពេទ្យ ពីព្រោះយើងមិនបានប្រយុទ្ធជាមួយអ្នកជំងឺ ឬជនស៊ីវិលទាល់តែសោះ»

លោក Netanyahu ក៏ត្រូវបានសាកសួរផងដែរថា តើអ៉ីស្រាអែលមានគម្រោងបញ្ជូនប្រេងឥន្ទនៈចូលទៅក្នុងតំបន់ Gaza ដើម្បីផ្តល់ថាមពលដល់មន្ទីរពេទ្យ ឬអត់? លោក Netanyahu បានបន្ថែមថា «យើងទើបតែបានស្នើផ្តល់ឱ្យមន្ទីរពេទ្យ Shifa ប៉ុណ្ណោះ ប៉ុន្តែពួកគេបានបដិសេធ។ ពួកគេមិនចង់បានប្រេងឥន្ធនៈឱ្យមន្ទីរពេទ្យទេ គឺពួកគេចង់យកប្រេងឥទ្ធនៈទាំងនោះ ទៅកាន់ផ្លូវរូងក្រោមដី ដើម្បីបម្រើដល់ការធ្វើសង្រ្គាម»

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែលបានអះអាងពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសទារកចេញពីមន្ទីរពេទ្យ Shifa កាលពីថ្ងៃអាទិត្យ ប៉ុន្តែមន្ត្រីប៉ាឡេស្ទីននិយាយថា មនុស្សនៅខាងក្នុងនៅតែជាប់គាំង ដោយទារកទើបនឹងកើត ៣នាក់បានស្លាប់ និងរាប់សិបនាក់ប្រឈមនឹងហានិភ័យ ដោយសារការដាច់ចរន្តអគ្គិសនី។ រីឯការប្រយុទ្ធគ្នាកំពុងផ្ទុះឡើងនៅក្បែរនោះ។

ជារឿយៗ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់របស់អ៉ីស្រាអែលថា ខ្លួនមានប៉ុស្តិ៍បញ្ជាការនៅក្រោមមន្ទីរពេទ្យ Shifa និងមន្ទីរពេទ្យផ្សេងទៀតក្នុងតំបន់ Gaza។ ជុំវិញការអត្ថាធិប្បាយរបស់ លោក Netanyahu នាពេលនេះ នៅមិនទាន់មានការឆ្លើយតបនោះទេ៕

រូបភាពពី Reuters