(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក Jake Sullivan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានបំណងចង់បង្កើតឡើងវិញ នូវចំណងទាក់ទងរវាងយោធានិងយោធា ជាមួយប្រទេសចិន ស្របពេលដែលរូបលោក ហើយនិងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងត្រូវជួបមុខគ្នា​ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក បៃដិន នឹងជួបពិភាក្សាទល់មុខគ្នាផ្ទាល់ជាមួយលោក ស៉ី ជីនពីង ជាលើកដំបូង ក្នុងរយៈពេលប្រមាណជា១ឆ្នាំ នៅថ្ងៃពុធសប្តាហ៍នេះ អំលុងកិច្ចប្រជុំកំពូល នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលត្រូវរៀបចំឡើងនៅទីក្រុង San Francisco ក្នុងរដ្ឋ California របស់សហរដ្ឋអាមេរិក។ វាក៏នឹងជាជំនួបទល់មុខលើកទី២ផងដែរ រវាងមេដឹកនាំទាំងពីរ គិតចាប់តាំងពី​លោក បៃដិន បានឡើងកាន់អំណាចកាលពីខែមករា ឆ្នាំ២០២១។

លោក Sullivan បាននិយាយដូច្នេះថា «លោកប្រធានាធិបតី (បៃដិន) មានការតាំងចិត្តចង់ឃើញ ការចាប់ផ្តើមឡើងវិញ នូវចំណងទាក់ទងយោធានិងយោធា ដោយសារលោកជឿជាក់ថា វានឹងបម្រើជាប្រយោជន៍សម្រាប់សន្តិសុខជាតិអាមេរិក។ យើងត្រូវការ​មានខ្សែបណ្តាញទំនាក់ទំនងគ្នា ដើម្បីទប់ស្កាត់ការប្រព្រឹត្តកំហុស ការគណនាខុស ឬក៏ការយល់ច្រឡំ ដោយប្រការណាមួយ»។ បើតាមលោក Sullivan ការស្តារទំនាក់ទំនងយោធា អាចធ្វើឡើងនៅគ្រប់កម្រិតទាំងអស់ ចាប់តាំងពីកម្រិតថ្នាក់ដឹកនាំ រហូតដល់កម្រិតតាក់ទិកប្រតិបត្តិការ ហើយទាំងនៅលើដែនទឹកនិងនៅលើផ្ទៃអាកាស ក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។

លោកទីប្រឹក្សាសន្តិសុខជាតិអាមេរិក បានសង្កត់ធ្ងន់ថា លោក បៃដិន នឹងព្យាយាមជំរុញរឿងស្តារទំនាក់ទំនងយោធា អំលុងកិច្ចប្រជុំទ្វេភាគី​ជាមួយលោក ស៉ី ក្នុងសប្តាហ៍នេះ។ ជំនួបរវាងលោក បៃដិន និងលោក ស៉ី ត្រូវគេរំពឹងថា នឹងគ្របដណ្តប់លើបញ្ហាសកលជាច្រើន មានចាប់តាំង​ពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី រហូតដល់កោះតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៉ីហ្វិក ព្រមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចទាំង២ បានធ្លាក់ទៅក្នុងភាពដុនដាបខ្លាំង បន្ទាប់ពីលោក បៃដិន​ បានបញ្ជាឱ្យបាញ់ទម្លាក់ បាឡុងរយៈកម្ពស់មួយនៅលើសហរដ្ឋអាមេរិក កាលពីខែកុម្ភៈ ឆ្នាំនេះ ដែលត្រូវបានសង្ស័យជា បាឡុងស៉ើបការណ៍របស់ចិន។ យ៉ាងណាក្តី ចាប់តាំងពីពេលនោះ រដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន ក៏បានបំពេញទស្សនកិច្ចជាបន្តបន្ទាប់ ទៅកាន់ប្រទេសចិនផងដែរ ហើយបានជួបជាមួយសមភាគីរបស់ពួកគេ ដើម្បីកសាងឡើងវិញ នូវការទំនាក់ទំនងនិងទំនុកចិត្តរវាងគ្នា៕

រូបភាពពី Reuters