(ញូវដែលី)៖ នៅថ្ងៃចន្ទនេះ ទីក្រុងឥណ្ឌាពីរផ្សេងទៀត បានចូលរួមជាមួយរដ្ឋធានីញូវដែលីនាថ្ងៃចន្ទនេះ ក្នុងការជាប់ចំណាត់ថ្នាក់ នៅក្នុងចំណោមបណ្តា​ទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់អាកាសខ្លាំងជាងគេបង្អស់ លើពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងចំណោមទីក្រុងទាំង១០ ដែលរងការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក គឺទីក្រុងញូវដែលីស្ថិតនៅចំណាត់ថ្នាក់លើទី១។ យោងតាមក្រុមតាមដានគុណភាពខ្យល់អាកាស IQAir ដែលមានមូលដ្ឋាននៅប្រទេសស្វីស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៃរដ្ឋធានីរបស់ឥណ្ឌា គឺចំនួន៤២០ ដែលត្រូវបានចាត់ទុកជា កម្រិត​គ្រោះធ្ងន់ធ្ងរ។ រីឯទីក្រុងឥណ្ឌា ២ផ្សេងទៀត គឺរួមមានទីក្រុងកូលកាតា (Kolkata) នៅភាគខាងកើត ដែលស្ថិតនៅលេខរៀងទី៤ ជាមួយ AQI ចំនួន១៩៦ និងទីក្រុងមុមបៃ (Mumbai) ដែលស្ថិតនៅចំណាត់ថ្នាក់លេខ៨ ជាមួយ AQI ចំនួន១៦៣។

គួរបញ្ជាក់ថា សន្ទស្សន៍ AQI ចន្លោះ៤០០-៥០០ អាចប៉ះពាល់ដល់សុខភាពរបស់មនុស្ស ហើយគ្រោះថ្នាក់សម្រាប់ អ្នកដែលមានជំងឺប្រចាំកាយស្រាប់ ខណៈ AQI កម្រិត១៥០-២០០ អាចបង្កការរំខានដល់អ្នកដែលមានបញ្ហាហឺត សួត និងបេះដូង ជាដើម។ ចំណែក សន្ទស្សន៍ AQI ចន្លោះ ០-៥០ ត្រូវចាត់ទុកជាកម្រិតល្អ។ គុណភាពខ្យល់អាកាសនៅក្នុងប្រទេសឥណ្ឌា តែងតែធ្លាក់ចុះខ្លាំងរៀលរាល់ឆ្នាំនៅមុនរដូវរងា នៅពេលដែលខ្យល់ត្រជាក់ បង្ខាំងទុកភាគល្អិតកខ្វក់ ដែលបញ្ចេញពីយានយន្ត វិស័យឧស្សាហកម្ម ការសាងសង់ និងការដុតកាកសំណល់កសិកម្ម នៅក្នុងស្រទាប់បរិយាកាស៕

រូបភាពពី Reuters