(កៀវ)៖ ទីភ្នាក់ងារស៉ើបការណ៍សម្ងាត់អ៊ុយក្រែន បាននិយាយនៅថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា មន្ត្រីរុស្ស៉ី ៣នាក់បានស្លាប់ក្នុងការបំផ្ទុះមួយ នៅឯទីក្រុង Melitopol របស់អ៊ុយក្រែនដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយរុស្ស៉ី ដោយចាត់ទុកថានេះជាទង្វើសងសឹកពីសំណាក់ក្រុមតស៊ូក្នុងតំបន់។ នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាយកដ្ឋានស៉ើបការណ៍សម្ងាត់នៃក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់លើបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «ទង្វើសងសឹកនេះធ្វើឡើងដោយតំណាង នៃចលនាតស៊ូក្នុងតំបន់ ហើយបានកើតឡើងលើប៉ុស្តិ៍ប៉ូលិសដែលគ្រប់គ្រងដោយរុស្ស៉ី។ យ៉ាងហោចណាស់មន្ត្រីឆ្មាំជាតិ ៣នាក់របស់រុស្ស៉ីត្រូវបានសម្លាប់ ហើយ ព័ត៌មាននៃផលប៉ះពាល់ផ្សេងទៀតកំពុងត្រូវបានផ្ទៀងផ្ទាត់»

គួរបញ្ជាក់ថា ការបំផ្ទុះនេះបានកើតឡើងអំឡុងពេលក្រុមមន្រ្តីរុស្ស៉ីកំពុងប្រជុំ កាលពីថ្ងៃសៅរ៍ នៅទីក្រុង Melitopol ដែលជាទីក្រុងមួយនៅភាគនិរតីអ៊ុយក្រែន ហើយ ដែលត្រូវកងកម្លាំងរុស្ស៉ីដណ្ដើមកាន់កាប់បាននៅដើមដំបូងនៃសង្រ្គាម។ Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើការអះអាងភ្នាក់ងារស៉ើបការណ៍សម្ងាត់ របស់អ៊ុយក្រែនេះបានទេ។ រីឯក្រសួងការពារជាតិរុស្ស៉ីក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ៕

 

រូបភាពពី Reuters