(វ៉ាស៉ីនតោន)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា សហរដ្ឋអាមេរិកនឹងចាត់ទុករុស្ស៉ីជា អ្នកចូលរួមពេញលេញ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៉ីហ្វិក (APEC) នៅក្នុងសប្ដាហ៍នេះ ទោះបីជាកន្លងមកសហរដ្ឋអាមេរិក ប្រឹងប្រែងធ្វើឲ្យរុស្ស៉ីឯកោ ដោយសារតែការឈ្លានពានលើអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី លោក Alexei Overchuk នឹងតំណាងឲ្យរុស្ស៉ីចូលរួមកិច្ចប្រជុំកំពូល APEC នៅទីក្រុង San Francisco ក្នុងសប្តាហ៍នេះ។ លោក Overchuk ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មជាច្រើនរបស់ប្រទេសលោកខាងលិច រួមទាំងពីសហភាពអឺរ៉ុប ប៉ុន្តែមិនស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដូចមន្រ្តីកំពូលៗផ្សេងទៀតរបស់រុស្ស៉ីនោះទេ។

លោក Matt Murray ដែលជាមន្ត្រីមួយរូបនៃក្រសួងការបរទេសអាមេរិក ទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូល APEC បានប្រាប់ AFP ថា «ឧបនាយករដ្ឋមន្រ្តីរុស្ស៉ី ត្រូវបានចាត់ទុកជាប្រធានគណៈប្រតិភូ ហើយនឹងមានឱកាសចូលរួមយ៉ាងពេញលេញ នៅក្នុងព្រឹត្តិការណ៍ប្រចាំសប្តាហ៍មួយនេះ»។ លោក Murray បានបន្ថែមថា «ពេញមួយឆ្នាំមកនេះ យើងតែងតែនិយាយថាចង់ធ្វើជាម្ចាស់ផ្ទះដ៏ល្អរបស់ APEC។ ប៉ុន្តែយើងមិនបានធ្វើដូច្នេះ ព្រោះតែផ្អែកលើច្បាប់ និងបទប្បញ្ញត្តិរបស់ សហរដ្ឋអាមេរិក ហើយជាក់ស្តែង ការចូលរួមរបស់រុស្សី ត្រូវបានរារាំងដោយសារតែបញ្ហានោះ និងការជាប់ទណ្ឌកម្ម»

គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក កាលពីខែតុលា បានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននឹងមិនស្វាគមន៍ លោក ពូទីន សម្រាប់កិច្ចប្រជុំនៅ San Francisco ឡើយ តែពេលនោះរុស្ស៉ីឆ្លើយតបថា វាអាស្រ័យលើសមាជិកនីមួយៗរបស់ APEC ដែលនឹងកំណត់អ្នកតំណាងរបស់ខ្លួន៕

រូបភាពពី AFP