(កៀវ)៖ កាសែតអាមេរិក Washington Post កាលពីចុងសប្ដាហ៍កន្លងទៅនេះបានរាយការណ៍ថាមន្ត្រីយោធាអ៊ុយក្រែនម្នាក់បានជួយសម្របសម្រួល ការវាយប្រហារមួយលើបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំ២០២២។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

មិនមាននរណាចេញមុខទទួលខុសត្រូវនោះទេ ចំពោះការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមបាតសមុទ្រស្ថិតនៅកោះ Bornholm របស់ ប្រទេសដាណឺម៉ាក កាលពីខែកញ្ញា ឆ្នាំ២០២២។ ការបំផ្ទុះនេះបានបង្កការខូចខាត និងធ្វើឱ្យលេចធ្លាយបំពង់ឧស្ម័នចំនួន៣ នៃប្រព័ន្ធបំពង់ឧស្ម័នទាំង៤ ដែលបង្ហូរឧស្ម័នរុស្ស៉ីទៅកាន់អឺរ៉ុប។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត NATO បានចាត់ទុកការវាយប្រហារនេះជាទង្វើវិច្ឆេទកម្ម រីឯទីក្រុងមូស្គូ បានអះអាង ថាជាសកម្មភាពភេរវកម្មអន្តរជាតិ។

Washington Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអឺរ៉ុប និងអ៊ុយក្រែនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងថាលោក Roman Chervinsky ជាអតីតមន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់ដែលបានបម្រើការនៅជួរក្នុងកងកម្លាំងពិសេសយោធាអ៊ុយក្រែន បានដឹកនាំក្រុមមួយមានសមាជិក ៦នាក់ ប៉ុន្តែមិនមែនជាអ្នករៀបចំផែនការវាយប្រហារនោះឡើយ។ Washington Post ក៏បានបញ្ជាក់ដែរថាលោក ហ្សេលេនស្គី ដែលបានបដិសេធ ការពាក់ព័ន្ធរបស់អ៊ុយក្រែនទៅនឹងការវាយប្រហារលើបំពង់បង្ហូរឧស្ម័ន Nord Stream ក៏មិនបានដឹងពីប្រតិបត្តិការវាយប្រហារនេះនោះដែរ។

គួរបញ្ជាក់ថា ខាងក្រសួងការបរទេសអ៊ុយក្រែន មិនបានធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍របស់ Washington Post ទេ ហើយលោក Roman Chervinsky ក៏បានបដិសេធដែរថាលោកមិនមានជាប់ពាក់ព័ន្ធអ្វីនោះទេ។ បច្ចុប្បន្នមន្ត្រីយោធាអ៊ុយក្រែនរូបនេះកំពុងស្ថិតនៅក្រោមការឃាត់ខ្លួន ពីបទល្មើសតួនាទី ក្រោយព្យាយាមបញ្ចុះបញ្ចូលពីឡុតរុស្ស៉ីម្នាក់កាលពីឆ្នាំ២០២២ ឱ្យចុះចូលជាមួយអ៊ុយក្រែន ដែលការណ៍នេះត្រូវបានក្រុមអ្នកស៊ើបអង្កេត បញ្ជាក់ថាបានជំរុញឱ្យរុស្ស៉ីវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយរបស់អ៊ុយក្រែន៕

រូបភាពពី AFP