(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានឯកភាពគ្នាថានឹងដំណើរការ ប្រតិបត្តិការចែករំលែកទិន្នន័យដែលប្រមូលបានភ្លាមៗ ពាក់ព័ន្ធនឹងការបាញ់តេស្ដមីស៊ីលរបស់កូរ៉េខាងជើង នៅខែធ្នូខាងមុខ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចប្រជុំសន្តិសុខត្រីភាគី បានជួបជាមួយ សមភាគីកូរ៉េខាងត្បូង លោក Shin Won-sik ខណៈរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា «រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង៣បានវាយតម្លៃថា... ការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការចែករំលែកទិន្នន័យព្រមានពីការធ្វើតេស្ដមីស៊ីលកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ និងបានឯកភាពគ្នាដំណើរការយន្ដការនេះជាផ្លូវការនៅខែធ្នូខាងមុខ»

គួរបញ្ជាក់ថា​ ការឯកភាពគ្នារបស់រដ្ឋមន្ត្រីការពារជាតិនៃសម្ព័ន្ធមិត្តទាំង៣ កើតមានឡើងបន្ទាប់ពីមេដឹកនាំរបស់ពួកគេបានចូលរួមក្នុងកិច្ចប្រជុំ កំពូលមួយ រៀបចំឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯជំរំ Camp David កាលពីខែសីហាកន្លងទៅ។ ទីក្រុងសេអ៊ូល តូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនការពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នា នៅចំពោះមុខការធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ដោយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០២៣នេះ៕

រូបភាពពី AFP