(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថាយោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋាន ចំនួន ២ របស់អ៉ីរ៉ង់នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើកងទ័ពអាមេរិក នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាលើកទី៣ហើយ ក្នុងរយៈពេលមិនដល់ ៣សប្ដាហ៍នោះទេដែលយោធាអាមេរិកវាយប្រហារលើគោលដៅក្នុងប្រទេសស៊ីរី មានជាប់ពាក់ព័ន្ធនឹងអ៉ីរ៉ង់ ដែលគាំទ្រក្រុមប្រដាប់អាវុធជាច្រើនដែលទីក្រុងវ៉ាស៊ីនតោនអះអាងថាបានវាយប្រហារជាបន្តបន្ទាប់លើកងទ័ពរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីផ្ទុះ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាមក។

លោក Lloyd Austin បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «យោធាអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសនៅថ្ងៃនេះ (ថ្ងៃអាទិត្យ) លើមូលដ្ឋានរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) និងមូលដ្ឋានក្រុមប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ ស្ថិតនៅភាគខាងកើតនៃប្រទេសស៊ីរី ជាការឆ្លើយតប ទៅនឹងការកើនឡើងនៃការវាយប្រហារលើកងទ័ពអាមេរិកក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់»។ លោកបន្ថែមថាការវាយប្រហារនេះធ្វើឡើងប្រឆាំងនឹងមូលដ្ឋាន បណ្ដុះបណ្ដាលមួយស្ថិតនៅក្បែរទីក្រុង Albu Kamal និងកន្លែងលាក់ខ្លួនមួយស្ថិតនៅក្បែរទីក្រុង Mayadeen តាមបទបញ្ជារបស់ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃពុធសប្ដាហ៍មុន ក៏បានបើកការវាយប្រហារតាមផ្លូវអាកាសផងដែរលើឃ្លាំងស្ដុកអាវុធរបស់អ៉ីរ៉ង់ ក្នុងប្រទេសស៊ីរី និងវាយប្រហារលើមូលដ្ឋានចំនួន២ ដែលប្រើប្រាស់ដោយអ៉ីរ៉ង់កាលពីថ្ងៃទី២៦ ខែតុលា នៅចំពោះមុខការព្រួយបារម្ភពីការផ្ទុះរាលដាលកាន់តែធំនៃសង្រ្គាម រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៕

រូបភាពពី AFP