(ហ្សេរុយសាឡឹម)៖ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានបាញ់កាំភ្លើងធំទៅកាន់ភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការបាញ់មីស៊ីលប្រឆាំងរថក្រោះ ចូលតំបន់ក្បែរព្រំដែន ដែលធ្វើឱ្យជនស៊ីវិលអ៊ីស្រាអែលជាច្រើននាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោធាអ៊ីស្រាអែលបាននិយាយថា «ជនស៊ីវិលមួយចំនួនបានរងរបួស» នៅក្នុងការវាយប្រហារដោយមីស៊ីលប្រឆាំងរថក្រោះ នៅជិតភូមិ Doviv ដែលមានចម្ងាយកន្លះម៉ាយល៍ (៨០០ ម៉ែត្រ) ពីព្រំដែនជាមួយប្រទេសលីបង់។

សាជីវកម្មអគ្គិសនីអ៊ីស្រាអែល បាននិយាយថា មីស៊ីលដែលបានបាញ់ចេញពីប្រទេសលីបង់បាន «វាយប្រហារត្រូវបុគ្គលិករបស់ខ្លួន» ដែលកំពុងជួសជុលខ្សែបណ្តាញអគ្គិសនី ដែលបានខូតខាត ដោយសារការវាយប្រហារលើកមុន។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយឆ្មក់របស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល កាលពីថ្ងៃទី ០៧ ខែតុលាមក ដែលបានធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាផ្ទុះឡើង អ៊ីស្រាអែលក៏បានផ្លាស់ប្តូរការបាញ់ប្រហារ ជាមួយក្រុមប្រដាប់អាវុធនៅភាគខាងត្បូងលីបង់ស្ទើរតែរាល់ថ្ងៃផងដែរ។

ទោះជាយ៉ាងណា គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីថ្ងៃអាទិត្យនោះទេ ប៉ុន្តែចលនាស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់ ហេសបូឡា ក៏ដូចជាសាខាលីបង់នៃក្រុមហាម៉ាស់ បានបើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

មេដឹកនាំអ៊ីស្រាអែលបានព្រមានក្រុមហេសបូឡា ប្រឆាំងនឹងការបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ដោយនិយាយថា ខ្លួនអាចប្រឈមមុខនឹងជោគវាសនាស្រដៀងគ្នា នឹងការឡោមព័ទ្ធតំបន់ហ្គាហ្សា ប្រសិនបើប្រទេសនេះចូលដៃក្នុងសង្រ្គាម។

អ៊ីស្រាអ៊ែល និងហេសបូឡា បានធ្វើសង្គ្រាមរយៈពេលមួយខែ នៅភាគខាងត្បូងលីបង់ក្នុងឆ្នាំ ២០០៦។

អ៊ីស្រាអែលបានជម្លៀសអ្នកស្រុករាប់ម៉ឺននាក់ចេញពីទីក្រុងនានា នៅភាគខាងជើងចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១,២០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល នេះបើយោងតាមកងទ័ពអ៊ីស្រាអែល។

ជាការឆ្លើយតបទៅនឹងការវាយឆ្មក់នេះ អ៊ីស្រាអែលបានបើកការវាយប្រហារទៅលើតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ដោយបានសម្លាប់មនុស្សជាង ១១,០០០ នាក់នៅទីនោះ ហើយភាគច្រើននៃពួកគេក៏ជាជនស៊ីវិលផងដែរ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់៕