(ណៃពិដោ)៖ យន្ដហោះចម្បាំងមួយគ្រឿងរបស់យោធាមីយ៉ាន់ម៉ា បានធ្លាក់អំឡុងការវាយប្រយុទ្ធគ្នារវាងយោធា និងចលនាតស៊ូប្រដាប់អាវុធជនជាតិ ភាគតិច ក្នុងបរិបទដែលរបបសឹកមីយ៉ាន់ម៉ាកំពុងជួបបញ្ហាប្រឈមធំបំផុតមិនធ្លាប់មានចំពោះអំណាចរបស់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាកាលពី ឆ្នាំ២០២១មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

យន្ដហោះចម្បាំងខាងលើរបស់យោធាមីយ៉ាន់ម៉ា បានធ្លាក់នៅឯរដ្ឋ Kayah នៃភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្បែរព្រំដែនជាមួយថៃ កាលពី ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា អំឡុងការវាយប្រយុទ្ធគ្នារវាងយោធា និងកងកម្លាំងជនជាតិភាគតិច Karenni Nationalities Defence Force (KNDF) ដែលបានអះអាងថាខ្លួនជាអ្នកបាញ់ទម្លាក់យន្ដហោះចម្បាំងនេះ។

ខាងយោធាមីយ៉ាន់ម៉ា តាមរយៈអ្នកនាំពាក្យ លោក Zaw Min Tun បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ MRTV ថាយន្ដហោះចម្បាំងនោះបានធ្លាក់ដោយសារ បញ្ហាបច្ចេកទេស រីឯពីឡុតបានលោតចេញដោយសុវត្ថិភាព និងកំពុងទាក់ទងជាមួយយោធា។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ា បច្ចុប្បន្នកំពុងប្រយុទ្ធក្នុងសមរភូមិជាច្រើនជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ខណ​​​​​​​ៈប្រធានាធិបតីនៃរបបសឹក បាននិយាយមីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងការពុះចែកប្រទេសជាច្រើនចំណែក ដោយសារតែមិនអាចបង្រ្កាបការបះបោរឱ្យមានប្រសិទ្ធភាព។ ជម្លោះ នៅក្នុងរដ្ឋ Shan ស្ថិតភាគឦសាននៃប្រទេសជាប់ព្រំដែនជាមួយចិន និងជាទីដែលយោធាមីយ៉ាន់ម៉ាបាត់បង់ការគ្រប់គ្រងលើទីក្រុងយុទ្ធសាស្ត្រ ដ៏សំខាន់មួយ បានបង្ខំឱ្យមនុស្ស ៥០,០០០នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង៕

រូបភាពពី Reuters