(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីត និងបណ្ដាប្រទេសមូស្លីម កាលពីថ្ងៃសៅរ៍កន្លងទៅនេះបានជំរុញឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើកការស៊ើបអង្កេត ពីឧក្រិដ្ឋកម្មសង្រ្គាម និងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ដែលពួកគេអះអាងថាកំពុងប្រព្រឹត្តឡើងដោយអ៉ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយក្រោយកិច្ចប្រជុំកំពូលវិសាមញ្ញរួមអារ៉ាប់-អ៉ីស្លាម ក្នុងទីក្រុងរីយាដ មេដឹកនាំអារ៉ាប់ និងមូស្លីមក៏បានអំពាវនាវ ផងដែរឱ្យមានការបិទបញ្ចប់សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សាជាបន្ទាន់ និងទាត់ចោលការនូវអ្វីដែលអ៉ីស្រាអែលហៅថាសិទ្ធិស្វ័យការពារខ្លួន។

អារ៉ាប៊ីសាអូឌីត បាន និងកំពុងដាក់សម្ពាធលើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលឱ្យបញ្ចប់សង្រ្គាមនៅហ្កាហ្សា ហើយព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានរៀបចំកិច្ចប្រជុំកំពូលខាងលើឡើង ក៏ដើម្បីបុព្វហេតុមួយនេះដែរ។ កិច្ចប្រជុំកំពូលវិសាមញ្ញរួមអារ៉ាប់-អ៉ីស្លាម មានការចូលរួមពី មេដឹកនាំជាច្រើននាក់ក្នុងនោះរួមមានទាំងប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី និងប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ជាដើម។

គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ាកំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃសង្រ្គាម ចាប់តាំងពីក្រុមហាម៉ាសបានវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពី ថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល។ ក្រោយការវាយប្រហារនេះដែរ អ៉ីស្រាអែល បានទម្លាក់គ្រាប់បែកសងសឹកលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១១,០៧៨នាក់ ក្នុងនោះភាគច្រើនជា ជនស៊ីវិល ហើយ ៤០ភាគរយ នៃអ្នកស្លាប់គឺជាកុមារ៕

រូបភាពពី Reuters