(វ៉ាស៊ីនតោន)៖ ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អឺរ៉ុប បានឱ្យដឹងថាយន្តហោះយោធាអាមេរិកមួយគ្រឿង បានធ្លាក់អំឡុងដឹកនាំប្រតិបត្តិការ បណ្ដុះបណ្ដាលមួយនៅសមុទ្រមេឌីទែរ៉ាណេខាងកើត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ទីបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អឺរ៉ុបបាននិយាយថាមូលហេតុ នៃការធ្លាក់យន្ដហោះយោធាខាងលើកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត និងមិនអាចបញ្ចេញព័ត៌មានលម្អិតបន្ថែមក្នុងពេលនេះនោះទេ ហើយ ក៏មិនបានបង្ហើបពីប្រភេទយន្ដហោះដែលបានធ្លាក់នោះដែរ។

សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ដូច្នេះថា «កាលពីល្ងាចថ្ងៃទី១០ ខែវិច្ឆិកា យន្ដហោះយោធាអាមេរិកមួយគ្រឿង បានដឹកនាំប្រតិបត្តិការ បណ្ដុះបណ្ដាល នៅក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត ប៉ុន្តែបានជួបបញ្ហា និងបានធ្លាក់»។ ទីបញ្ជាការកងទ័ពអាមេរិកក៏មិនបានបញ្ជាក់នោះ ដែរពីស្ថានភាពរបស់ពីឡុត។

គួរបញ្ជាក់ថា កងទ័ពអាកាសអាមេរិក បានបញ្ជូនយន្ដហោះចម្បាំងបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ហើយនាវាផ្ទុកយន្ដហោះចម្បាំង USS Gerald R. Ford ដែលមានយន្ដហោះចម្បាំងជាច្រើនគ្រឿងនៅលើនោះ ក៏កំពុងធ្វើប្រតិបត្តិការក្នុងតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើតផងដែរ៕

រូបភាពពី AFP