(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះបានរាយការណ៍ថាមនុស្សយ៉ាងហោច ៤នាក់បានស្លាប់ ក្នុង ហេតុការណ៍បាក់រលំអគារមួយ ស្ថិតនៅក្នុងទីក្រុង Wenzhou។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាម CCTV ហេតុការណ៍បាក់រលំខាងលើបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា អំឡុងការជួសជុលនៃអគារនេះ ខណៈអ្នកស្លាប់ ទាំងអស់គឺជាកម្មករ ហើយការជួយសង្រ្គោះកំពុងជួបការលំបាកដោយសារភ្លៀងនៅតែបន្តធ្លាក់។ CCTV បន្ថែមថាមូលហេតុដែលបណ្ដាល ឱ្យអគារនោះបាក់រលំ នៅមិនទាន់កំណត់បាននៅឡើយទេ ដោយការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន មនុស្ស ៣នាក់ក៏បានស្លាប់ផងដែរ ក្នុងហេតុការណ៍បាក់រលំកន្លែងហាត់ប្រាណមួយកន្លែង អំឡុងមាន ព្រិលធ្លាក់ខ្លាំង នៅក្នុងខេត្ត​ Heilongjiang ស្ថិតនៅភាគឦសានប្រទេសចិន។ ចំណែក កាលពីខែកក្កដាកន្លងទៅវិញ មានមនុស្ស ១១នាក់ បានស្លាប់ នៅពេលដំបូលសាលាហាត់ប្រាណមួយបានបាក់រលំ ក្នុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Heilongjiang នេះដដែល ហើយ ការសាងសង់មិនត្រឹមត្រូវតាមស្ដង់ដារអាចជាមូលហេតុបណ្ដាលឱ្យមានការបាក់រលំនេះ៕

រូបភាពពី CGTN