(បែរឡាំង)៖ រដ្ឋាភិបាលចម្រុះរបស់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឯកភាពគ្នាលើការបង្កើនការផ្ដល់ជំនួយោធាទ្វេដងសម្រាប់ អ៊ុយក្រែន នៅឆ្នាំក្រោយ ក្នុងទំហំទឹកប្រាក់ ៨ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៨.៥៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters តាមរយៈការដកស្រង់ការផ្សាយបន្តពីសារព័ត៌មាន Bloomberg បានឱ្យទៀតដឹងថាប្រសិនបើត្រូវបានអនុម័ត ដោយសភាជាតិអាល្លឺម៉ង់ជាទីដែលគណបក្សរបស់លោក Olaf Scholz ក្ដាប់សំឡេងភាគច្រើន នោះនឹងជំរុញឱ្យកញ្ចប់ថវិកាការពារជាតិរបស់ អាល្លឺម៉ង់កើនឡើងលើស ២ភាគរយនៃផលិតផលនៅក្នុងស្រុកសរុប (GDP) ដែលជាគោលដៅកំណត់ដោយសមាជិកទាំងអស់នៃ បក្សសម្ព័ន្ធយោធា​ NATO។

តាម Bloomberg សមាជិកសភាមកពីគណបក្ស Social Democrats របស់លោក Olaf Scholz រួមទាំងមកពីគណបក្ស Free Democrats និងគណបក្ស Green party បានយល់ព្រមបង្កើនកិច្ចចរចាបន្ថែមពាក់ព័ន្ធនឹងកញ្ចប់ថវិកាសហព័ន្ធឆ្នាំ២០២៤ នៅសប្ដាហ៍ក្រោយនេះ។ ប៉ុន្តែ ខាងក្រសួងការពារជាតិអាល្លឺម៉ង់ មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនោះទេ។

គួរបញ្ជាក់ថា ផែនការមួយរបស់សហភាពអឺរ៉ុប គ្រោងចំណាយ ២០ពាន់លានអឺរ៉ូ ឬស្មើនឹង ២១.៤ពាន់លានដុល្លារលើជំនួយយោធាសម្រាប់ អ៊ុយក្រែន តែមានប្រទេសជាសមាជិកមួយចំនួនក៏ជំទាស់នឹងផែនការនេះដែរ៕