(ណៃពិដោ)៖ មេបញ្ជាការក្រុមឧទ្ទាម អ្នកការទូត និងក្រុមអ្នកវិភាគ បាននិយាយថា ការវាយលុករបស់ក្រុមឧទ្ទាមលើផ្នែកខ្លះនៃភាគខាងជើងប្រទេសមីយ៉ាន់ម៉ា រួមទាំងតំបន់ជាប់ព្រំដែនជាមួយចិន អាចជាជោគជ័យមួយក្នុងការតស៊ូនឹងរបបយោធាចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០២១។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបំផុតគឺនៅជិតព្រំដែនមីយ៉ាន់ម៉ាជាមួយចិននៅភាគខាងជើងរដ្ឋ Shan និងជាកន្លែងដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលចំនួន ៣ បានសហការគ្នាដើម្បីដឹកនាំការវាយលុក ដោយដណ្តើមយកបានទីក្រុងជាច្រើន និងទីតាំងឈរជើងរបស់យោធាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រុមឧទ្ទាមទាំងនោះបានវាយលុកទីតាំងយោធាចំនួន ១០០ ហើយរបបយោធាបានបាត់បង់ការគ្រប់គ្រងលើច្រកព្រំដែនសំខាន់ៗដែលមានចំនួន ៤០%នៃពាណិជ្ជកម្មឆ្លងព្រំដែន និងជាប្រភពចំណូលពន្ធដ៏សំខាន់មួយ។

លោក Maung Saungkha មេកងកម្លាំងរំដោះប្រជាជន Bamar ដែលក្រុមរបស់ខ្លួនបានចូលរួមក្នុងការវាយលុកនោះ បានប្រាប់ Reuters ថា សម្ព័ន្ធក្រុមឧទ្ទាមចំណាយពេលជាង ១ឆ្នាំដើម្បីរៀបចំខ្លួនឲ្យមានអាវុធប្រសើរជាងមុន។ ក្រុមអ្នកការទូតនិយាយថា ការវាយលុកនេះនឹងដាក់សម្ពាធបន្ថែមទៀតលើថ្នាក់ដឹកនាំនៃរបបយោធាដែលកំពុងប្រឈមទណ្ឌកម្មសេដ្ឋកិច្ច កង្វះការផ្លាស់ប្តូររូបិយប័ណ្ណបរទេស និងវិបត្តិអំពើពុករលួយ។

គួរបញ្ជាក់ថា នៅថ្ងៃសុក្រសប្តាហ៍នេះ អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សប្រហែល ៥០,០០០នាក់ត្រូវផ្លាស់ទីលំនៅនៅក្នុងរដ្ឋ Shan ជាកន្លែងដែលមានការបាញ់ផ្លោងកាំភ្លើងធំ និងការវាយប្រហារតាមអាកាស ហើយមួយចំនួនទៀតបានឆ្លងចូលទៅក្នុងប្រទេសចិន។ ចិនបានប្រកាសធានាសន្តិសុខ និងស្ថិរភាពនៅតាមព្រំដែនជាមួយមីយ៉ាន់ម៉ា ហើយបានជំរុញឲ្យភាគីទាំងអស់បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់៕

រូបភាពពី Reuters