(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃសៅរ៍នេះថា សន្និសីទអន្តរជាតិដើម្បីសន្តិភាពមួយគួរតែត្រូវបានរៀបចំឡើង ដើម្បីស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍ចំពោះជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Erdogan បានបញ្ជាក់ថា «អ៉ីស្រាអែលកំពុងសងសឹកទាំងទៅលើទារក កុមារ និងស្ត្រី ហើយអ្វីដែលជារឿងបន្ទាន់នៅ Gaza គឺមិនមែនគ្រាន់តែផ្អាកសង្គ្រាមប៉ុន្មានម៉ោងនោះទេ ផ្ទុយទៅវិញ យើងត្រូវការបទឈប់បាញ់អចិន្រ្តៃយ៍» ។

លោក Erdogan បានបន្ថែមថា «យើងជឿជាក់ថាសន្និសីទអន្តរជាតិដើម្បីសន្តិភាពមួយនឹងផ្តល់នូវមូលដ្ឋានដ៏សមស្របបំផុតសម្រាប់រឿងនេះ។ យើងត្រៀមខ្លួនជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងជាចាំបាច់នានា និងធ្វើជាអ្នកធានាដល់សន្តិភាពឲ្យកើតមានឡើងក្នុងបរិបទនេះ»។

គួរបញ្ជាក់ថា ការអំពាវនាវរបស់ លោក Erdogan ធ្វើឡើងក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំកំពូលអ៉ីស្លាម-អារ៉ាប់ នៅក្នុងរដ្ឋធានី Riyadh របស់អារ៉ាប៊ីសាអូឌីត និងជាទីដែលមេដឹកនាំបានជួបប្រជុំគ្នាដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ Gaza៕