(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៉ី បានឲ្យដឹងថា ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជូនជើងហោះហើរពិសេសចំនួនពីរដើម្បីដឹកជញ្ជូនទំនិញមនុស្សធម៌ប្រហែល ៤០តោនទៅកាន់ប្រទេអាហ្វហ្គានីស្ថាន បន្ទាប់ពីមានការរញ្ជួយដីនៅទីក្រុង Herat នាពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារការទូតរុស្ស៉ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ទំនិញមនុស្សធម៌ដែលមានទម្ងន់ប្រហែល ៤០តោនត្រូវបានបញ្ជូនទៅកាន់ទីក្រុងកាប៊ុល ដោយជើងហោះហើរពិសេសពីររបស់ក្រសួងការពារជាតិក្នុងនាមរដ្ឋាភិបាលរុស្ស៉ី និងមជ្ឈមណ្ឌលពាណិជ្ជកម្មអាហ្វហ្គានីស្ថានដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ។

ក្រសួងការបរទេសរុស្ស៉ី បានបន្ថែមថា រុស្ស៉ីនៅតែបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនអាហ្វហ្គានីស្ថានជាមិត្ត ដែលរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីដ៏មហន្តរាយនាពេលថ្មីៗនេះនៅទីក្រុង Herat។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែតុលា គ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័របានវាយប្រហារភាគពាយព្យទីក្រុង Herat។ បើតាមអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយជាតិអាហ្វហ្គានីស្ថាន អ្នកស្រុកជាង ២,៤០០នាក់បានស្លាប់ និង ២,០០០នាក់រងរបួស៕