(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយនៅថ្ងៃសៅរ៍នេះថា រុស្សីបានបើកការវាយប្រហារដោយមីស៉ីទៅលើរដ្ឋធានីកៀវ របស់អ៊ុយក្រែន និងតំបន់ក្បែរនោះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ហើយបន្តវាយលុកលើភាគខាងកើត និងភាគខាងត្បូងដោយប្រើយន្តហោះដ្រូន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០២៣។

លោក Serhiy Popko ប្រធានរដ្ឋបាលយោធាក្រុងកៀវ បាននិយាយថា មីស៉ីលផ្លោងរបស់រុស្ស៉ីត្រូវបានបាញ់សំដៅមកកាន់រដ្ឋធានីនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់)។ ប៉ុន្តែគ្មានការបំផ្លិចបំផ្លាញធំដុំនោះទេ។ចំណែកមន្រ្តីគ្រប់គ្រងតំបន់ភាគកណ្តាលក្រុងកៀវ បានឲ្យដឹងថា ផ្ទះឯកជន ៥ខ្នងនិងអគារពាណិជ្ជកម្មជាច្រើនត្រូវរងការខូចខាត។

អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយថា តំបន់ភាគខាងត្បូងក៏រងនូវការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនផងដែរ កាលល្ងាចថ្ងៃសុក្រ និងពេញមួយយប់រហូតដល់ថ្ងៃសៅរ៍ ដោយបណ្តាល​ឲ្យមនុស្ស ៣នាក់​រង​របួស និងខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ។ កងការពារអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៉ីចំនួន ១៩គ្រឿងចំណោម ៣១គ្រឿង ក្នុងការវាយប្រហារមួយយប់មកលើតំបន់ភាគខាងត្បូង និងភាគខាងកើតរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា រុស្ស៉ីបានបង្កើនការទម្លាក់គ្រាប់បែកទៅលើកំពង់ផែរបស់អ៊ុយក្រែនរួមទាំងនៅតំបន់ Odesa និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិចាប់តាំងពីខែកក្កដាមក ក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ៕

រូបភាពពី Reuters