(ប៉េកាំង)៖ ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានឆ្លើយតបសំបុត្រទៅកាន់លោក Matias Tarnopolsky អគ្គនាយក និងជា CEO របស់ក្រុមតន្ត្រី Philadelphia Orchestra នៃក្រុងភីឡាដេលផ្យា សហរដ្ឋអាមេរិក។

លោក Xi Jinping បានលើកឡើងថា ខ្ញុំបានទទួលដំណឹងថា ក្រុមតន្ត្រី Philadelphia Orchestra បានមកដល់ប្រទេសចិនជាលើកទី១៣ នៅខែវិច្ឆិកានេះ ដើម្បី សហការជាមួយភាគីចិនធ្វើសកម្មភាពផ្លាស់ប្តូរការសម្តែងសិល្បៈ ក្នុងបំណងរំលឹកដំណើរទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងនៃក្រុមតន្ត្រី Philadelphia Orchestra កាលពីឆ្នាំ១៩៧៣ និងបន្តរឹតចំណងមិត្តភាពខាងតន្ត្រីជាមួយប្រជាជនចិនដែលបានឆ្លងកាត់ពាក់កណ្តាលសតវត្សរ៍មកហើយ ខ្ញុំមានអារម្មណ៍សោមនស្ស រីករាយណាស់ចំពោះករណីនេះ។

កាលពី៥០ឆ្នាំមុន ក្រុមតន្ត្រីបានមកធ្វើ «ដំណើរទស្សនកិច្ចស្តារទំនាក់ទំនង» ខាងផ្លាស់ប្តូរវប្បធម៌រវាងចិនអាមេរិក ដែលមានសារៈសំខាន់ចំពោះការធ្វើឱ្យប្រក្រតីនៃ ទំនាក់ទំនងចិន-អាមេរិក។ រយៈពេល ៥០ឆ្នាំកន្លងទៅ ក្រុមតន្ត្រីក្នុងនាម «បេសកជនវប្បធម៌» បានធ្វើការផ្លាស់ប្តូរជាញឹកញាប់រវាងប្រទេសទាំងពីរ ដោយធ្វើ ដំណើរទស្សនកិច្ចនៅចិនចំនួន ១២លើក ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងចិន-អាមេរិក។ ៥០ឆ្នាំបានកន្លងផុតទៅ ថ្ងៃនេះ ក្រុមតន្ត្រី Philadelphia Orchestra និងក្រុមតន្ត្រី Symphony ជាតិចិន និងអ្នកចម្រៀងប្រទេសជាច្រើនបានរួមគ្នាសំដែងក្នុងប្រទេសចិនម្តងទៀត ដែលពិតជានឹងក្លាយជា ការចងចាំដ៏មានតម្លៃមួយទៀតដែលនឹងត្រូវកត់ត្រាក្នុងប្រវត្តិសាស្ត្រជាមិនខាន។

លោក Xi Jinping បានគូសបញ្ជាក់ថា តន្ត្រីមិនបែងចែកជាតិសាសន៍ វប្បធម៌គឺជាធ្នឹមស្ពាន។ សង្ឃឹមថាក្រុមតន្ត្រី Philadelphia Orchestra ក៏ដូចជាសិល្បៈករ សិល្បៈ ករិនីគ្រប់ប្រទេសលើពិភពលោកដែលក្នុងនោះបូករួមទាំងចិននិងអាមេរិកផង បន្តប្រកាន់ខ្ជាប់នូវអរិយធម៌ប្រកបដោយសមភាព ការរៀនសូត្រពីគ្នា ការសន្ទនា និងបរិយាប័ន្នផ្លាស់ប្តូរនិងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស្និទ្ធស្នាល ជំរុញភាពរុងរឿងនៃសិល្បៈ ដើម្បីចារទំព័រប្រវត្តិសាស្ត្រថ្មីនៃការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងមិត្តភាពរវាងប្រជាជននិងប្រជាជន ទាំងចិននិងអាមេរិក និងបណ្ដាគ្រប់ប្រទេសទាំងអស់។

សូមបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ១៩៧៣ ក្រុមតន្ត្រី Philadelphia Orchestra បានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូង គឺជាក្រុមតន្ត្រី របស់អាមេរិកដំបូងគេបង្អស់ដែលធ្វើដំណើរមកប្រទេសចិនបន្ទាប់ពីសាធារណៈរដ្ឋប្រជាមានិតចិនបានបង្កើតឡើង។ ពេលថ្មីៗនេះ លោក Matias Tarnopolsky អគ្គនាយក និងជា CEO នៃក្រុមតន្ត្រី Philadelphia Orchestra បានផ្ញើសំបុត្រជូនចំពោះលោក Xi Jinping ប្រធានរដ្ឋចិន ដើម្បីរំលឹកប្រវត្តិសាស្ត្រទំនាក់ទំនង ជាមួយចិននៃក្រុមតន្ត្រីមួយនេះ ហើយជម្រាបពីសកម្មភាពនៃក្រុមតន្ត្រីក្នុងខែវិច្ឆិកានេះ ពោលគឺធ្វើសកម្មភាពសម្ដែងសិល្បៈរំលឹកខួប ៥០ ឆ្នាំនៃការមកដល់ចិន ជាលើកដំបូងរបស់ក្រុមតន្ត្រី សង្ឃឹមថានឹងបន្តធ្វើជាស្ពានសម្រាប់ផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងវប្បធម៌របស់ប្រទេសទាំងពីរអាមេរិកនិងចិនតាមរយៈតន្ត្រី៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន