(Reuters)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះបាននិយាយថាដល់ពេលវេលាដែលត្រូវធ្វើសកម្មភាពហើយ ដើម្បីដោះស្រាយ សង្រ្គាមនៅក្នុងតំបន់ហ្កាហ្សា ជាជាងនិយាយតែមាត់ ខណៈរូបលោកឡើងជិះយន្ដហោះចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលមួយស្ដីពីសង្រ្គាមរវាងអ៉ីស្រាអែល និងហាម៉ាស រៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងនៅឯអាកាសយានដ្ឋានក្នុងទីក្រុងតេហេរ៉ង់ មុនចេញពីដំណើរទៅចូលរួមកិច្ចប្រជុំប្រជាជាតិអារ៉ាប់ និងអ៉ីស្លាម ក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត លោក អ៉ីប្រាហ៉ីម រ៉ៃស៊ី បានគូសបញ្ជាក់ដូច្នេះថា «ហ្កាហ្សាមិនមែនជាទីលាននិយាយតែមាត់នោះទេ តែគឺត្រូវធ្វើសកម្មភាព។ សព្វថ្ងៃនេះ សាមគ្គីភាពនៃបណ្ដាប្រទេសអ៉ីស្លាម គឺជាពិតជាមានសារៈសំខាន់បំផុត»។ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះបន្តថា «សហរដ្ឋអាមេរិកនិយាយថាខ្លួនមិនចង់ឱ្យសង្រ្គាមរាលដាលកាន់តែធំនោះទេ និងបានបញ្ជូន សារជាច្រើនទៅកាន់អ៉ីរ៉ង់ រួមទាំងប្រទេសជាច្រើនផ្សេងទៀត។ ប៉ុន្តែ សារទាំងអស់នេះមិនមានសោះឡើយសកម្មភាពរបស់សហរដ្ឋអាមេរិក»

បន្ថែមពីលើនេះ លោក រ៉ៃស៊ី ក៏បានចោទប្រកាន់ផងដែរថាសហរដ្ឋអាមេរិក ជាអ្នករារាំងមិនឱ្យមានបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា និងមានបំណងពង្រីកសង្រ្គាម ហើយថាពិភពលោកត្រូវតែមើលឱ្យច្បាស់ពីមុខពិតរបស់សហរដ្ឋអាមេរិក។ កាលពីប៉ុន្មានថ្ងៃមុននេះ អ៉ីស្រាអែលបានយល់ព្រមឈប់បាញ់រយៈពេល ៤ម៉ោងក្នុងមួយថ្ងៃ តាមការទាមទាររបស់សហរដ្ឋអាមេរិក តែទាំងអ៉ីស្រាអែល និងអាមេរិកបានបដិសេធបទឈប់បាញ់ទាំងស្រុងជាមួយហាម៉ាស ដែលលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu ចាត់ទុកថាមានន័យស្មើនឹងសុំចុះចាញ់ក្រុមហាម៉ាស។

គួរបញ្ជាក់ថា ទស្សនកិច្ចរបស់លោក អ៉ីប្រាហ៊ីម រ៉ៃស៊ី គឺជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រមុខរដ្ឋអ៉ីរ៉ង់ម្នាក់ ទៅកាន់អារ៉ាប៊ីសាអូឌីត ចាប់តាំងពីទីក្រុងតេហេរ៉ង់ និងទីក្រុងរីយ៉ាដ បិទបញ្ចប់ការពាក់មុខយក្សដាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកនេះ តាមរយៈការចុះកិច្ចព្រមព្រៀងសា្ដរទំនាក់ទំនងការទូតឡើងវិញ កាលពីខែមីនាកន្លងទៅ ក្រោមការសម្របសម្រួលពីចិន៕

រូបភាពពី Reuters