(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាលម៉ាន បានអំពាវនាវឱ្យមានការបិទបញ្ចប់សង្រ្គាមក្នុងតំបន់ហ្កាហ្សា ហើយនេះ ជាជំហរមួយទទួលបានការគំាទ្រពីបណ្ដាមេដឹកនាំអាហ្វ្រិក ដែលចូលរួមកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងរីយ៉ាដ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការអំពាវនាវខាងលើរបស់ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ធ្វើឡើងអំឡុងកិច្ចប្រជុំកំពូលអាហ្វ្រិក-អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន បានមានបន្ទូលដូច្នេះថា «យើងថ្កោលទោសចំពោះអ្វីដែលតំបន់ហ្កាហ្សាកំពុងប្រឈមមុខនឹងការវាយប្រហារយោធា ដែលត្រូវចំលើជនស៊ីវិល ព្រមទាំងការបំពានច្បាប់អន្តរជាតិដោយអាជ្ញាធរអ៉ីស្រាអែល។ យើងសង្កត់ធ្ងន់ពីភាពចាំបាច់ដើម្បីបញ្ចប់សង្រ្គាម និងបញ្ចប់ការបណ្ដេញប្រជាជនប៉ាឡេស្ទីនដោយបង្ខំ»

គួរបញ្ជាក់ថា ក្រុមមន្ត្រីប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា បានឱ្យដឹងថាការវាយប្រហាររបស់អ៉ីស្រាអែលកាលពីថ្ងៃសុក្រដដែលនោះដែរ ត្រូវចំមន្ទីរពេទ្យ ចំនួន៣ និងសាលារៀនមួយកន្លែង បានសម្លាប់មនុស្សយ៉ាងហោច ២៧នាក់ ស្របពេលការវាយប្រហារប្រយុទ្ធគ្នាកើតមានឡើងនៅក្បែរមន្ទីរពេទ្យ មួយផ្សេងទៀតក្នុងតំបន់។ តាមក្រុមមន្ត្រីហ្កាហ្សា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែលទៅនឹងការវាយប្រហាររបស់ក្រុម ហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា បានកើនដល់ ១១,០៧៨នាក់៕

រូបភាពពី Reuters