(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាអ៉ីស្រាអែលត្រូវតែបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា និងសម្លាប់ ជនស៊ីវិល ខណៈមានការអំពាវនាវកាន់តែច្រើនឡើងឱ្យមានបទឈប់បាញ់ជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ម៉ាក្រុង ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ BBC ដែលត្រូវបានចេញផ្សាយកាលពីយប់ថ្ងៃសុក្រសប្ដាហ៍នេះ។ តាម លោកប្រធានាធិបតីបារាំង វាមិនមានហេតុផលអ្វីយកមកសំអាង ដើម្បីទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាឡើយ ហើយថាបទឈប់បាញ់នឹងផ្ដល់ផលចំណេញ ដល់អ៉ីស្រាអែល។ លោក ម៉ាក្រុង ក៏បានបន្ថែមដែរថាបារាំងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមហាម៉ាសដែលបារាំងចាត់ទុកថាជាភេរវករ ប៉ុន្តែ ខណៈគាំទ្រសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល បារាំងជំរុញឱ្យអ៉ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សា។

បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើលោកចង់ឱ្យបណ្ដាមេដឹកនាំដទៃក្នុងនោះរួមមានដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ចូលរួមជាមួយ រូបលោកអំពាវនាវឱ្យមានបទឈប់បាញ់ដែរឬក៏យ៉ាងណា? លោក ម៉ាក្រុងបានឆ្លើយថា «ខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើដូច្នោះ»

យ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ជាការឆ្លើយតបទៅនឹងលោក ម៉ាក្រុង លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu បាននិយាយថា មេដឹកនាំពិភពលោកគួរតែថ្កោលទោសលើហាម៉ាស មិនមែនអ៉ីស្រាអែលនោះទេ។ «ទង្វើឧក្រិដ្ឋដែលក្រុមហាម៉ាសបាន និងកំពុងធ្វើនៅថ្ងៃនេះក្នុងតំបន់ហ្កាហ្សា អាចនឹងកើតឡើងជាថ្មីនៅថ្ងៃណាមួយ ក្នុងទីក្រុងប៉ារីស ញូវយ៉ក និងនៅគ្រប់ទីកន្លែងនៅជុំវិញពិភពលោក»។ នេះការឆ្លើយតបទៅនឹងលោក ម៉ាក្រុងរបស់ លោក Netanyahu។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ាក្រុង ធ្វើឡើងបន្ទាប់ពីមានសន្និសីទមួយស្ដីពីស្ថានភាពមនុស្សធម៌ក្នុងតំបន់ហ្កាហ្សា រៀបចំឡើងក្នុងទីក្រុងប៉ារីស កាលពីពេលថ្មីៗនេះ ដោយផ្ដោតជាសំខាន់លើបទឈប់បាញ់មនុស្សធម៌៕

រូបភាពពី Reuters