(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា បានថ្កោលទោសការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដោយនិយាយថាការអត្ថាធិប្បាយរបស់លោកនឹងធ្វើឱ្យ ភាពតានតឹងនយោបាយ និងយោធានៅលើឧបទ្វីបកូរ៉េកាន់តែមានភាពគ្រោះថ្នាក់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Antony Blinken បានធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងកាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្រោយចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 ក្នុងប្រទេសជប៉ុន។ លោក Blinken បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង​ លោក យូន ស៊ុកយុល និងមន្ត្រីជាន់ ខ្ពស់កូរ៉េខាងត្បូង។ អំឡុងដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូលនោះដែរ លោករដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថាទំនាក់ទំនងយោធារវាង ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ កំពុងរីកធំធាត់ និងកាន់តែបង្កគ្រោះថ្នាក់ ហើយបានជំរុញឱ្យចិនជួយបញ្ឈប់អាកប្បកិរិយាបង្កគ្រោះថ្នាក់របស់ កូរ៉េខាងជើង។

ប៉ុន្តែ ជាការឆ្លើយតប ក្រសួងការបរទេសកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានថ្កោលទោសការអត្ថាធិប្បាយរបស់លោក Blinken ដោយចាត់ទុកថាជាទង្វើបង្ករឿង និងគ្មានទំនួលខុសត្រូវ។ «ការអត្ថាធិប្បាយបែបនេះមានតែបង្កឱ្យភាពតានតឹងនយោបាយ និងយោធា នៅលើតំបន់ ឧបទ្វីបកូរ៉េ និងក្នុងតំបន់កាន់តែមានគ្រោះថ្នាក់តែប៉ុណ្ណោះ។ សហរដ្ឋអាមេរិកគួរតែកុំមានប្រតិកម្មជ្រុលហួសហេតុចំពោះការពិតថ្មីមួយនៃទំនាក់ទំនង រវាង DPRK (កូរ៉េខាងជើង) និងរុស្ស៉ី»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកូរ៉េខាងជើង។

គួរបញ្ជាក់ថា បើតាមកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនគ្រាប់កាំភ្លើងធំ ១លានគ្រាប់ទៅឱ្យរុស្ស៉ី យកទៅប្រើប្រាស់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានមកវិញនូវការប្រឹក្សាយោបល់ពីបច្ចេកវិទ្យាផ្កាយរណបពីទីក្រុងមូស្គូ។ ទាំងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូបានច្រានចោល ការចោទប្រកាន់បែបនេះ ប៉ុន្តែកូរ៉េខាងជើងបាននិយាយថាមិនថាអ្នកផ្សេងនិយាយអ្វីនោះទេ ក៏ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៉ីនឹងកាន់តែមាន ភាពរឹងមាំ៕

រូបភាពពី AFP