(ប៉ាឡេស្ទីន)៖ សហរដ្ឋអាមេរិកបាននិយាយថា អ៊ីស្រាអែលបានយល់ ព្រមដាក់ឱ្យមានការសម្រាកបាញ់ជា មនុស្សធម៌រយៈពេល៤ម៉ោងរៀងរាល់ថ្ងៃ នៅក្នុងតំបន់ភាគខាងជើងហ្គាហ្សា។ ប៉ុន្តែសេចក្តី រាយការណ៍បានបង្ហាញថា បើទោះបីជាមានការយល់ព្រមសម្រាកបាញ់គ្នានោះក៏ដោយ ស្នូរ ផ្ទុះអាវុធក្នុងពេលម៉ោងដែលសម្រាកនោះ ក៏គេនៅតែឮមិនស្ងប់ស្ងាត់ឡើយ។

សេតវិមានបាននិយាយថា អ៊ីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់ភាគ ខាងជើងហ្គាហ្សារយៈពេល៤ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍ទី៩វិច្ឆិកាទៅ ដែលការ សម្រេចនេះត្រូវគេរំពឹងថា នឹងអាចជួយកាត់បន្ថយការបាត់បង់ជីវិតប្រជាជនប៉ាឡេស្ទីនខ្លះ ខណៈតួលេខស្លាប់បានកើនឡើងដល់១ម៉ឺន៨១២នាក់ហើយ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា ការសម្រាក បាញ់ចំនួន៤ម៉ោងនោះ នឹងអនុញ្ញាតឱ្យជនភៀសខ្លួនធ្វើដំណើរចាកចេញរកទីសុវត្ថិភាពនៅ តាមច្រករបៀងមនុស្សធម៌ចំនួនពីរ និងរបៀងទាំង២នោះទៀត នឹងអាចត្រូវបានប្រើប្រាស់ សម្រាប់ការដោះលែងចំណាប់ខ្មាំង ដែលវាគឺជាកត្តាសំខាន់ក្នុងជំហានដំបូងនេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បាននិយាយថា «យើងកំពុងអនុ វត្តវិធានការបើកច្រកឱ្យប្រជាជនស៊ីវិលប៉ាឡេស្ទីនចេញពីទីក្រុង Gaza ទៅកាន់ភាគខាងត្បូង ដើម្បីកុំឲ្យពួកគេមានគ្រោះថ្នាក់»។ លោកបានបញ្ជាក់ទៀតថា « កិច្ចការទាំងនេះមិនរំខានដល់ ការប្រយុទ្ធគ្នាក្នុងសង្គ្រាមទេ»។

កងកម្លាំងអ៊ីស្រាអែលបានធ្វើការឡោមព័ទ្ធទីក្រុង Gaza ជុំជិតទាំងស្រុងក្នុងរយៈពេលប៉ុន្មាន ថ្ងៃមកនេះ ហើយនៅជាមួយគ្នានេះយោធាអ៊ីស្រាអែលបានអនុញ្ញាតឱ្យជនស៊ីវិលធ្វើដំណើរ ឆ្លងកាត់តាមផ្លូវសំខាន់ភាគខាងត្បូងរយៈពេលប្រមាណ៣ឬ៤ម៉ោងក្នុងមួយថ្ងៃដោយមានគ្រួសារខ្លះ បានសម្រេចចិត្តថា ជ្រើសរើសយកផ្លូវនេះដើម្បីធ្វើការរត់គេចខ្លះចេញពីតំបន់ ដែលកំពុងវាយប្រហារគ្នា។ លោករដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលដដែល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ទៀតថា គេ​មិនទាន់​មាន​បទ​ឈប់​បាញ់​គ្នាពេញលេញ​ទេ​សម្រាប់​ពេល​នេះ។ លោក Gallant បានបញ្ជាក់ប្រាប់ទៀតថា «យើងនឹងមិនបញ្ឈប់ការប្រយុទ្ធគ្នានោះទេ ដរាប ណាចំណាប់ខ្មាំងរបស់យើងស្ថិតនៅក្នុងតំបន់ហ្គាហ្សា ហើយដរាបណាយើងមិនទាន់បាន បញ្ចប់បេសកកម្មរបស់យើង ដែលកំពុងតែផ្តួលរំលំរបបហាម៉ាលុប និងកំចាត់ចោលសមត្ថភាព យោធានិងការគ្រប់គ្រងរបស់ក្រុមហាម៉ាស» នោះឡើយ។

លោក ថាហឺ អាល់ណូណូ Taher Al-Nono ដែលជាទីប្រឹក្សានយោបាយមេដឹកនាំក្រុមហាម៉ាស់ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា មានការចរចាមិនទាន់ជាក់លាក់ខ្លះ កំពុងតែបន្តធ្វើនិងមិនទាន់មានកិច្ចព្រមព្រៀងណា ឬការយល់ ស្របណាមួយអាចត្រូវរ៉ូវគ្នាជាមួយនឹងអ៊ីស្រាអែលឡើយ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេថាន់ យ៉ាហូ ក្នុងសប្តាហ៍នេះបានទាត់ចោលនូវពាក្យ ចចាមអារ៉ាមជាច្រើនដែលលោកថា ចេះតែនិយាយគ្មានការពិតអំពីលក្ខខណ្ឌនៃកិច្ចព្រម ព្រៀងឈប់បាញ់គ្នាជាមួយនឹងក្រុមហាម៉ាស។

លោកណេថាន់យ៉ាហ៊ូ បានថ្លែងបញ្ជាក់ថា គឺមានតែការដោះលែងចំណាប់ខ្មាំងសិនទេដែល នឹងអាចនាំឱ្យកិច្ចព្រមព្រៀងឈប់បាញ់គ្នាកើតឡើងបាន។ ប៉ុន្តែអ្នកនាំពាក្យកងទ័ពក្រុមហាម៉ាសលោកAbu Obaida នៅជាមួយគ្នានេះបានថ្លែងប្រតិកម្ម ថាការដោះលែងចំណាប់ខ្មាំង គឺត្រូវភ្ជាប់លក្ខខណ្ឌដោះលែងអ្នកទោស។ អ្នកនាំពាក្យកងទ័ព ក្រុមហាម៉ាសដដែលនោះបាននិយាយទៀតថាការដោះលែងអ្នកទោសអាចត្រូវធ្វើជាផ្នែក ខ្លះៗ ឬអាចត្រូវធ្វើទាំងអស់ទាំងមូលតែម្តងក៏បាន។ សេចក្តីរាយការណ៍បាននិយាយថាការ ជជែកគ្នាលើបញ្ហាដោះលែងចំណាប់ខ្មាំងនេះ ត្រូវបានធ្វើឡើងនៅលើទឹកដីក្នុងប្រទេសកាតា ដែលមិនទាន់មានចំណុចព្រមព្រៀងណាមួយបានកើតឡើងឡើយ។

នៅជាមួយគ្នានេះផងដែរ ក៏មានសេចក្តីរាយការណ៍ថាក្រុមសកម្មជនជីហាតត្រៀមនឹងដោះ លែងចំណាប់ខ្មាំងពីរនាក់ក្នុងរូបភាពមនុស្សធម៌ដែលការត្រៀមដោះលែងកុមារអាយុ១៣ឆ្នាំ និងមនុស្សចាស់ម្នាក់នោះមិនជាប់ពាក់ព័ន្ធនឹងការជជែកគ្នាក្នុងប្រទេសកាតានោះឡើយ។

អ៊ីស្រាអែលដោយកំហឹងសងសឹកតបនឹងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលាឆ្នាំ២០២៣ដែល មានការសម្លាប់រង្គាលពលរដ្ឋ១ពាន់៤០០នាក់ និងការចាប់ជាចំណាប់ខ្មាំងប្រមាណ២៤០នាក់ ទៀតលើទឹកដីអ៊ីស្រាអែល បានប្រកាសការធ្វើសង្គ្រាមដាក់លើក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សាវិញ។ សង្គ្រាមដែលបានអូសបន្លាយរយៈពេល៣៤ថ្ងៃរួចមកនេះ បានធ្វើឱ្យពលរដ្ឋក្នុងតំបន់ ហ្គាហ្សាស្លាប់ប្រមាណ១ម៉ឺន៨១២នាក់ ដែលទំហំស្លាប់នេះ គឺលើសជិត៨ដងហើយនៃជីវិត ដែលត្រូវបាត់បង់ដោយការសងសឹកនេះ។ ប៉ុន្តែគោលដៅសងសឹករបស់អ៊ីស្រាអែលមិនទាន់ បញ្ចប់ត្រឹមនេះឡើយ ខណៈដែលក្រុមហាម៉ាសនៅបន្តការវាយប្រហារដាក់លើទាហានអ៊ីស្រា អែលនៅក្នុងតំបន់ហ្គាហ្សា បើទោះបីជាការប្រយុទ្ធគ្នានោះ ក្រុមហាម៉ាសមិនមានប្រៀបលើ កម្លាំងទាហានដ៏ច្រើនជាមួយនឹងគ្រឿងសព្វាវុធទំនើបរបស់ទាហានអ៊ីស្រាអែលក៏ដោយ។ មនុស្សច្រើនសែននាក់ ត្រូវបានបង្ខំចិត្តចាកចេញពីទំលំនៅដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព គ្រាដែលពលរដ្ឋក្នុងតំបន់ហ្គាហ្សាប្រមាណជាង២លាននាក់ កំពុងត្រូវការអាហារ, ទឹក, ថ្នាំ ពេទ្យ និងជំនួយនានា បន្ទាប់ពីតំបន់របស់ខ្លួនបានរងការបិទច្រក និងកាត់ផ្តាច់ការផ្គត់ផ្គង់សព្វ គ្រប់ទាំងអស់ក្នុងរយៈពេលជាងមួយខែមកនេះ។

អ៊ីស្រាអែលបានប្រឆាំងដាច់ខាតនូវសំណើ ឈប់បាញ់គ្នាបើទោះបីជាមានសម្ពាធពីសកលលោក…ចំណែកការបើកភ្លើងខៀវឱ្យមានការសម្រាកបាញ់ជាមនុស្សធម៌រយៈពេល៤ម៉ោងប្រចាំថ្ងៃក្នុងតំបន់ភាគខាងជើងហ្គាហ្សា ត្រូវគេនិយាយថា គឺដោយសារតែប្រធានាធិបតីអាមេរិកលោក Joe Biden បានជំរុញអ៊ីស្រាអែលសូមឱ្យបញ្ឈប់ ការប្រយុទ្ធគ្នាជាច្រើនថ្ងៃ ក្នុងគោលបំណងរកការចរចាការដោះលែងចំណាប់ខ្មាំង​ដែល​ក្រុម​សកម្មប្រយុទ្ធឥស្លាមបាន​ចាប់​ខ្លួន។

ឆ្លើយតបនឹងក្រុមអ្នកសារព័ត៌មានបានសាកសួរ លោក ចូ បៃដិន ដែលចង់ដឹងអំពីការស្នើសម្រាក ឈប់បាញ់គ្នានោះ, ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រាប់អ្នកសារព័ត៌មានថា តាមពិតលោកបានស្វែងរកការផ្អាកបាញ់នេះលើសពីបីថ្ងៃនោះទៅទៀត។ នៅពេលដែលអ្នកសារព័ត៌មានសួរទៅលោកវិញថា តើលោកមានការខកចិត្តនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែរឬទេ ដែលមិនស្តាប់ការស្នើតាមការចង់បានរបស់ប្រធានាធិបតីអាមេរិកលើការសម្រាកឈប់បាញ់គ្នានេះ,​ លោក Biden បាន និយាយមកវិញថា «វាគ្រាន់តែយូរជាងអ្វីដែលខ្ញុំបានសង្ឃឹមនោះបន្តិច»។ សហរដ្ឋអាមេរិកបានគាំទ្រនូវសេចក្តីសម្រេចចិត្តរបស់អ៊ីស្រាអែល ក្នុងភាពស្វ័យការពាររបស់ ខ្លួនដាក់លើក្រុមហាម៉ាស និងប្រឆាំងនូវការស្នើឈប់បាញ់គ្នាបន្ទាប់ពីមានព្រឹត្តិការណ៍បង្ហូរ ឈាមថ្ងៃទី៧តុលាឆ្នាំ២០២៣។

នៅក្នុងតំបន់ហ្គាហ្សាភាគខាងជើង កងកម្លាំងអ៊ីស្រាអែលបានបន្តប្រយុទ្ធជាមួយពួកក្រុង សកម្មជនប្រយុទ្ធហាម៉ាស ហើយទាហានអ៊ីស្រាអែលបានធ្វើដំណើរទៅជិតមន្ទីរពេទ្យធំពីរ ក្នុងពេលស្ថានភាពនៃជនស៊ីវិល ស្ថិតក្នុងមន្ទីរពេទ្យដែលរងការឡោមព័ទ្ធនោះ មានស្ថានភាពកាន់តែអាក្រក់ទៅៗជាលំដាប់។

មនុស្សជាច្រើនកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa និងមន្ទីរពេទ្យAl-Quds នោះគ្រាដែលការ ប្រយុទ្ធគ្នាកំពុងតែកើតឡើងនៅជុំវិញមន្ទីរពេទ្យ ជាមួយការទម្លាក់គ្រាប់បែកមកពីខាងលើបាន ធ្វើឱ្យពលរដ្ឋលាក់ខ្លួនក្នុងមន្ទីរពេទ្យទាំង២មានក្តីភិតភ័យយ៉ាងក្រៃលែង។ អ៊ីស្រាអែល​និយាយ​ថាក្រុម​ហាម៉ាស​​មាន​មជ្ឈមណ្ឌល​បញ្ជាការដ្ឋានរបស់ពួកគេ​បង្កប់​នៅក្នុង​មន្ទីរពេទ្យនោះ។

ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ទៀតកំពុងភៀសខ្លួនចេញពីតំបន់ប្រយុទ្ធពីភាគខាងជើងទៅភាគខាងត្បូងតាមបណ្តោយផ្លូវប្រកបគ្រោះថ្នាក់និងមានសាកសពរាយប៉ាយនៅតាមផ្លូវ ដែល ទាហានអ៊ីស្រាអែលបានប្រាប់ពួកគេត្រូវនាំគ្នាជម្លៀសចេញ។ ពលរដ្ឋប៉ាឡេស្ទីនម្នាក់ បាន ប្រាប់អ្នកសារព័ត៌មានថានៅពេលដែលគ្រូសារគាត់បានចេញពីផ្ទះបំរុងភៀសខ្លួនលើផ្លូវដែល គេប្រាប់ឱ្យធ្វើដំណើរនោះ ស្រាប់តែរថក្រោះអ៊ីស្រាអែលបានបាញ់តម្រង់មកពួកគេ ដែលគេ ត្រូវតែរត់មកកាន់មន្ទីរពេទ្យដើម្បីជ្រករកសុវត្ថិភាព។

មន្ត្រីអង្គការសហប្រជាជាតិបានថ្លែងថាក្នុងថ្ងៃពុធទី៨វិច្ឆិកា គេសង្កេតឃើញមានជនភៀស ខ្លួនប្រមាណ៥ម៉ឺននាក់បានធ្វើដំណើរលើផ្លូវដែលអ៊ីស្រាអែលបានរៀបចំនោះ។ ទាហានអ៊ី ស្រាអែលបាននិយាយថាក្រុមអ្នកភៀសខ្លួនទាំងនោះ ត្រូវបានក្រុមហាម៉ាសព្យាយាមស្ទាក់ រារាំងមិនឱ្យធ្វើដំណើរទៅកាន់ភាគខាងត្បូងថែមទៀត។

មន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក Moshe Tetro បានថ្លែងថា «យើងបានឃើញក្រុម ហាម៉ាសដាក់របាំងរាំងផ្លូវ…យើងបានឃើញក្រុមហាម៉ាសនិយាយកុហកថាមានទាហានអ៊ីស្រាអែលសម្លាប់ពលរដ្ឋដែលធ្វើដំណើរទៅកាន់ភាគខាងត្បូង…យើងបានឃើញក្រុមហា ម៉ាសបានធ្វើអ្វីៗទាំងអស់ក្នុងអំណាចរបស់ពួកគេដើម្បីឱ្យប្រជាជនស៊ីវិលត្រូវស្ថិតនៅក្នុង តំបន់មានសមរភូមិ»។

អ៊ីស្រាអែលបានថ្លែងថាគេបានរកឃើញរូងក្រោមដីរបស់ពួកហាម៉ាសថែមទៀតក្នុងតំបន់ វាយប្រហារភាគខាងជើង។ ទោះជាយ៉ាងណាក៏ដោយតំបន់ភាគខាងត្បូងដែលអ៊ីស្រាអែលនិយាយថាជាកន្លែងមានសុវត្ថិភាពជាងនោះ ក៏ត្រូវគេ រាយការណ៍អំពីការវាយប្រហារនិងការទម្លាក់គ្រាប់បែកថែមទៀត ផងដែរ។ ក្រុង Khan Younis ដែលជាក្រុងភាគខាងត្បូងដ៏សំខាន់របស់តំបន់ Gaza នោះ ត្រូវបានរង នឹងការវាយប្រហារតាមផ្លូវអាកាសពីទាហានអ៊ីស្រាអែល។ ពលរដ្ឋក្នុងតំបន់នោះ កាលពីថ្ងៃ ព្រហស្បតិ៍ទី៩វិច្ឆិកា ត្រូវគេឃើញបាននាំគ្នាជួយកាយគំនរថ្ម ដែលបែកបាក់ក្នុងដីសង្ឃឹមថា អាចជួយជីវិតមនុស្សដែលជាប់នៅក្នុងសំណង់បែកបាក់រលំដោយការទម្លាក់គ្រាប់បែក។

ភាព​តានតឹង ត្រូវគេឃើញ​បាន​កើន​ឡើង​ផង​ដែរ​នៅ​កន្លែង​ទៀត។ ក្រុម Hezbollah របស់ ប្រទេសលីបង់ បាននិយាយថា ពួកគេបានបាញ់មីស៊ីលឆ្លងព្រំដែនចូលប្រទេសអ៊ីស្រាអែល ហើយយោធាអ៊ីស្រាអែលបាននិយាយថា គេក៏បានឆ្លើយតបទៅវិញដោយការបាញ់នឹងកាំភ្លើង ធំដាក់ទៅកាន់ប្រភពដែលបានបាញ់ដាក់លើទឹកដីអ៊ីស្រាអែលនោះ។

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីននៅទន្ទឹមនឹងនេះដែរ​បាន​និយាយ​ថា មានជនជាតិ​ប៉ាឡេស្ទីន ១០ នាក់​ត្រូវ​បានស្លាប់ក្នុងពេលមានការវាយប្រហារមួយរបស់អ៊ីស្រាអែលក្នុងក្រុងJenin និង​ជំរំ​ជនភៀសខ្លួន​ក្នុង​តំបន់ West Bank ។ ក្រុមយោធាអ៊ីស្រាអែលបាននិយាយថា ពួកគេ បានធ្វើការវាយឆ្មក់ប្រឆាំងអំពើភេរវកម្ម។

នៅក្រុងប៉ារីសប្រទេសបារាំង មន្ត្រីមកពីប្រទេសនិងអង្គការប្រហែល ៨០ បានជួបប្រជុំគ្នាដើម្បី សម្របសម្រួលជំនួយមនុស្សធម៌ជួយដល់តំបន់ហ្គាហ្សា។ ពួកគេកំពុងស្វែងរកមធ្យោបាយ ដើម្បីជួយជនស៊ីវិលដែលរងរបួសឱ្យរួចផុតពីការឡោមព័ទ្ធខណៈសង្គ្រាមបានឈានចូលដល់ ខែទី២ហើយ។ អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវេសលោក Jan Egeland បាននិយាយនៅមុន មានសេចក្តីប្រកាសរបស់សេតវិមានថា «បើនៅតែបន្តបាញ់គ្នា បន្តការឡោមព័ទ្ធ និងបន្ត ទម្លាក់គ្រាប់បែក ឈាមនៅតែបន្តហូរ»។ ប៉ុន្តែអ៊ីស្រាអែលនិង​សហរដ្ឋអាមេរិក​បាននិយាយ​ថា បទ​ឈប់​បាញ់​នាពេញលេញ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ក្រុម​ហាម៉ាសនោះទៅវិញទេ។

អ៊ីស្រាអែល​ដែល​បាន​ប្តេជ្ញា​ថា​នឹង​កម្ទេច​ក្រុម​ហាម៉ាស ​បាននិយាយ​ថា​ទាហាន​របស់​ខ្លួន​ចំនួន ៣៣ នាក់​ត្រូវ​បាន​ស្លាប់​ក្នុង​ប្រតិបត្តិការ​វាយលុកថ្មើរជើង ប៉ុន្តែក្រុមហាម៉ាសនៅជាមួយគ្នានេះ វិញ ត្រូវគេឃើញថាក៏បានប្តេជ្ញាវាយប្រឆាំងនឹងអ៊ីស្រាអែលវិញផងដែរ។

បើទោះបីជាមានការប្រកាសរបស់អ៊ីស្រាអែលតម្រូវឱ្យពលរដ្ឋប៉ាឡេស្ទីនត្រូវចាកចេញពីតំបន់ ភាគខាងជើងទៅកាន់តំបន់ភាគខាងត្បូងក៏ដោយ, ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវគេ ឃើញនៅតែបន្តស្វែងរកការជ្រកកោននៅមន្ទីរពេទ្យ Al Shifa នៅខាងក្នុងទីក្រុង Gaza ភាគ ខាងជើងជាដដែល។ ពួកគេ​បាននាំគ្នា​ជ្រក​ក្នុង​តង់​នា​បរិវេណ​មន្ទីរពេទ្យ ហើយ​ពួកគេនិយាយ​ថា​ពួកគេ​គ្មាន​កន្លែង​ណា​ដែលត្រូវ​ទៅ​នោះ​ទេ៕

រូបភាពពី AFP