(កៀវ)៖ ទីភ្នាក់ងារចារកម្មយោធារបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រ (ទី១០ ខែវិច្ឆិកា) ថា កងកម្លាំងអ៊ុយក្រែនបានបំផ្លាញកាណូតរបស់រុស្ស៊ីចំនួនពីរគ្រឿងនៅតំបន់គ្រីមៀ ក្នុងការវាយប្រហារនៅពេលយប់ ដោយប្រើយន្តហោះគ្មានមនុស្សបើកតាមសមុទ្រ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ២០២៣។

ទោះជាយ៉ាងណា AFP មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗពីរុស្ស៊ីដែរ។ រុស្ស៊ី​បាន​ដណ្តើម​យក​និង​បញ្ចូល​ឧបទ្វីបគ្រីមៀរបស់​អ៊ុយក្រែន​ក្នុង​ឆ្នាំ ២០១៤ ហើយ​កងនាវាចរ​សមុទ្រ​ខ្មៅ​របស់​ពួកគេ ​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង Sevastopol នៃតំបន់នេះ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram យ៉ាងដូចូច្នេះថា «កាណូត amphibious តូចៗរបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី ត្រូវបានរងវាយប្រហារដោយទាហាន ដែលជាលទ្ធផលនៃប្រតិបត្តិការពេលយប់នៅក្នុងទឹកដីនៃតំបន់គ្រីមៀ»

សេចក្តីថ្លែងការណ៍បាននិយាយថា កប៉ាល់ទាំងនោះមានផ្ទុកមនុស្ស និងផ្ទុកដោយរថពាសដែក។ ប៉ុន្តែទំហំ​នៃ​ការ​ខូច​ខាត​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ អ៊ុយក្រែនបាននិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ីមួយចំនួនត្រូវបានជម្លៀសចេញពីទីក្រុង Sevastopol បន្ទាប់ពីការវាយប្រហារចុងក្រោយនេះ។

គួរបញ្ជាក់ថា រុស្ស៊ី​បាន​ចាប់​ផ្តើម​ការ​ឈ្លានពាន​អ៊ុយក្រែន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២២។ អ៊ុយក្រែន​បាន​បើក​ការ​វាយបកវិញនៅ​ភាគ​ខាង​ត្បូង និង​ខាង​កើត​នៅ​ដើម​ខែ​មិថុនា ប៉ុន្តែ​បាន​ជួប​ប្រទះ​នឹង​ការ​តស៊ូ​យ៉ាង​ខ្លាំង​ពី​កម្លាំង​កាន់កាប់​របស់​រុស្ស៊ី៕

រូបភាពពី Reuters