(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសពីការយល់ព្រមរបស់ខ្លួន សម្រាប់គម្រោងលក់រថក្រោះ M1A2 Abrams រួមជាមួយសម្ភារពាក់ព័ន្ធដទៃទៀត ក្នុងទំហំទឹកប្រាក់សរុប២.៥៣ពាន់លានដុល្លារដល់រូម៉ានី ដែលជាប្រទេសសមាជិកអង្គការ NATO មានព្រំប្រទល់ជាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១០​ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ DSCA នៃក្រសួងការពារជាតិអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «គម្រោងលក់រថក្រោះនេះ នឹងគាំទ្រកម្មវត្ថុនៃគោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក តាមរយៈការជួយពង្រឹង​សន្តិសុខរបស់ ប្រទេសមួយជាសម្ព័ន្ធមិត្ត NATO របស់យើង ដែលដើរតួនាទីជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច​នៅទ្វីបអឺរ៉ុប»។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ថា រថក្រោះប៉ុន្មានគ្រឿងនឹងត្រូវលក់ឱ្យរូម៉ានីឡើយ ហើយគម្រោងខាងលើ ចាំបាច់ត្រូវឆ្លងកាត់ការសម្រេចចុងក្រោយ ពីសភាអាមេរិក។

គួរបញ្ជាក់ថា រូម៉ានីមានព្រំប្រទល់ជាប់អ៊ុយក្រែន​ ដែលជាប្រទេសបានធ្លាក់ក្នុងសង្រ្គាមប្រឆាំង ការឈ្លានពានរបស់រុស្ស៉ី តាំងតែពី​ខែកុម្ភៈ ឆ្នាំ២០២២មក។ ចាប់តាំងពីពេលនោះ សហរដ្ឋអាមេរិកបានប្រឹងប្រែងបង្កើនការផ្តល់ជំនួយយោធា និងការលក់សព្វាវុធឱ្យទីក្រុងកៀវ ក៏ដូចជាបណ្តាសម្ព័ន្ធមិត្តនៃអង្គការ NATO។ កាលពីដើមឆ្នាំនេះ ទីក្រុងវ៉ាស៉ីនតោន បានសន្យាផ្តល់ឱ្យអ៊ុយក្រែន នូវរថក្រោះ Abrams ស៊េរីមុន ចំនួន៣១គ្រឿង ហើយកាលពីចុងខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថា រថក្រោះមួយចំនួន បានទៅដល់ជាបណ្តើរៗហើយ៕

រូបភាពពី Reuters