(ណៃពិដោ)៖ ប្រមុខកងទ័ពជើងទឹករុស្ស៉ី បានជួបជាមួយប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា មុនការធ្វើសមយុទ្ធដែនសមុទ្ររួមគ្នា នាថ្ងៃអង្គារនេះ ដែលជាសមយុទ្ធយោធារួមលើកដំបូង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមយុទ្ធសន្តិសុខដែនសមុទ្រមីយ៉ាន់ម៉ា-រុស្ស៉ីលើកដំបូង ហៅកាត់ថា MARUMEX នឹងមានការចូលរួមពី នាវានិងយន្តហោះមកពី​ប្រទេសទាំងសងខាង ហើយវានឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅលើផ្ទៃសមុទ្រ Andaman ចម្ងាយ១៥៧គីឡូម៉ែត្រពីទីក្រុង Myeik ភាគខាងត្បូងមីយ៉ាន់ម៉ា។ មុនការចាប់ផ្តើមសមយុទ្ធយោធា ប្រមុខកងទ័ពជើងទឹករុស្ស៉ី លោកឧត្តមនាវីឯក Nikolai Yevmenov បានជួបមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing នៅលើនាវាចម្បាំងរុស្ស៉ី Adminral Tributs។

គួរបញ្ជាក់ថា ទីក្រុងមូស្គូគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធិរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដោយបានប្រកាសផ្តល់សំឡេងគាំទ្រផ្នែកការទូត ចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់សព្វាវុធនិងសម្ភារយោធារបស់មីយ៉ាន់ម៉ាផងដែរ។ ចាប់តាំងពីរដ្ឋប្រហារយោធា លោក Min Aung Hlaing ធ្លាប់បានបំពេញទស្សនកិច្ចប៉ុន្មានលើកទៅកាន់ប្រទេសរុស្ស៉ី ហើយបានជួបជាមួយ​ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន កាលពីខែកញ្ញា ឆ្នាំ២០២២៕

រូបភាពពី AFP