(តូក្យូ)៖ នៅថ្ងៃអង្គារនេះ ជប៉ុនបាននិយាយថា ការគាំទ្ររបស់ក្រុមប្រទេស G7 សម្រាប់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់​រុស្ស៉ី នឹងមិនរងផលប៉ះពាល់ឡើយ ដោយសារជម្លោះនៅមជ្ឈិមបូព៌ាដែលកំពុងតានតឹងខ្លាំង ខណៈក្រុមរដ្ឋមន្រ្តីការបរទេស G7 នឹងបើកកិច្ចពិភាក្សាមួយ​តាមប្រព័ន្ធអនឡាញ ជាមួយទីក្រុងកៀវ អំលុងកិច្ចប្រជុំនៅទីក្រុងតូក្យូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមប្រទេស G7 រួមមានចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងសហភាពអឺរ៉ុប ត្រូវជួបប្រជុំគ្នានៅទីក្រុងតូក្យូ នាថ្ងៃទី៧-៨ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ រួមមានទាំងសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន និងសង្រ្គាមរបស់អ៉ីស្រាអែល​ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ Gaza Strip។

រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ការប្តេជ្ញារបស់យើងក្នុងការ​រក្សាការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ប្រឆាំងនឹងរុស្ស៉ី ព្រមទាំងការគាំទ្រយ៉ាងរឹងមាំសម្រាប់អ៊ុយក្រែន គឺមិនបានងាករេអ្វីបន្តិចឡើយ សូម្បីតែ​ស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ា មានភាពតានតឹងខ្លាំងក៏ដោយ»។ លោកស្រី Kamikawa បានបន្តថា G7 កំពុងរៀបចំ​ដើម្បីឱ្យមានកិច្ចពិភាក្សាអនឡាញមួយ ជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ប្រព្រឹត្តទៅអំលុងកិច្ចប្រជុំនៅតូក្យូ។

គួរបញ្ជាក់ថា ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 កាលពីខែកញ្ញា ឆ្នាំនេះ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់ បានបង្ហើបឱ្យដឹងថា ក្រុមប្រទេស G7 ទទួលស្គាល់ថា រុស្ស៉ីបានត្រៀមលក្ខណៈធ្វើសង្រ្គាមរយៈពេលវែងនៅអ៊ុយក្រែន ហើយប្រការនេះទាមទារឱ្យមាន ការគាំទ្រផ្នែកយោធា​និងសេដ្ឋកិច្ចរយៈពេលយូរដូចគ្នា សម្រាប់ទីក្រុងកៀវ។ G7 បានស្ថិតនៅជួរមុខក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី ចាប់តាំងពីទីក្រុងមូស្គូបាន​បើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក ហើយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញ​វត្តមានដោយមិនប្រកាសឱ្យដឹងជាមុន អំលុងកិច្ចប្រជុំកំពូលនៃមេដឹកនាំ G7 នៅឯទីក្រុង Hiroshima កាលពីខែឧសភា៕

រូបភាពពី Reuters