(ប៉េកាំង)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese នៅថ្ងៃអង្គារនេះ បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីចិន លោក លី ឈាង នៅឯទីក្រុងប៉េកាំង ខណៈវាគឺជាការចាប់ផ្តើមឡើងវិញ នូវកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដែលលោក Albanese បាននិយាយថា នឹងបន្តប្រព្រឹត្តទៅដូចដើមឡើងវិញ ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងកង់បេរ៉ានិងទីក្រុងប៉េកាំង កំពុងវិលមករកស្ថិរភាព​យ៉ាងឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Albanese កំពុងស្ថិតនៅប្រទេសចិន ក្នុងការបំពេញទស្សនកិច្ចលើកដំបូងដោយមេដឹកនាំអូស្រ្តាលី គិតក្នុងរយៈពេល៧ឆ្នាំ បន្ទាប់ពី​បញ្ហាជម្លោះការទូតបានឈានទៅដល់ ការផ្អាកកិច្ចប្រជុំប្រចាំឆ្នាំរវាងមេដឹកនាំប្រទេសទាំងពីរ។ មុនពេលជួបលោក លី លោក Albanese ក៏បានជួបជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង កាលពីថ្ងៃចន្ទសប្តាហ៍នេះ ផងដែរ ហើយលោក ស៉ី បាននិយាយថា ចំណងទាក់ទង​ដែលមានស្ថិរភាពរវាងចិននិងអូស្រ្តាលី នឹងបម្រើផលប្រយោជន៍ទៅវិញទៅមក ហើយប្រទេសទាំងពីរគួរតែពង្រីក កិច្ចសហប្រតិបត្តិការបន្ថែម ដែលជាសញ្ញាយ៉ាងច្បាស់មួយ បង្ហាញថាចិនត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបន្តបោះជំហានចេញពី ភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានថ្លែងប្រាប់លោកនាយករដ្ឋមន្រ្តីចិន នៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ការដែលកិច្ចប្រជុំទាំងនេះ នឹងបន្តចាប់ផ្តើមឡើងវិញ គឺជារឿងសំខាន់ខ្លាំងណាស់សម្រាប់ទំនាក់ទំនងយើង»។

គួរបញ្ជាក់ថា ចិនបានដកបម្រាមពាណិជ្ជកម្មលើការនាំចេញភាគច្រើនរបស់អូស្រ្តាលី បន្ទាប់ពីពួកវាត្រូវបានដាក់កាលពីឆ្នាំ២០២០ អំលុង​ពេលដែលអូស្រ្តាលីបានអំពាវនាវ ឱ្យមានការស៉ើបអង្កេតអន្តរជាតិជុំវិញប្រភពដើម នៃជំងឺរាតត្បាតសកលកូវីដ១៩។ លោក Albanese បាននិយាយថា លោកនឹងពិភាក្សាជាមួយលោក លី អំពីការបន្តឡើងវិញទាំងស្រុង នៃការធ្វើពាណិជ្ជកម្មដោយសេរីនិងគ្មានការរឹតត្បិតរវាងប្រទេសទាំងពីរ ព្រមទាំងមធ្យោបាយដើម្បីកសាងសណ្តាប់ធ្នាប់តំបន់និងសកលមួយ ដែលមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាព៕

រូបភាពពី Reuters