(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកមិនជឿនោះទេថាបច្ចុប្បន្នគឺជាពេលត្រូវរៀបចំការបោះឆ្នោត នៅចំពោះមុខការជជែកវែកញែកពីភាពចាំបាច់ក្នុងការរៀបចំការបោះឆ្នោតសកលនៅឆ្នាំ២០២៤ ខណៈកងទ័ពអ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធបណ្ដេញ កងទ័ពរុស្ស៉ីចេញពីទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការបោះឆ្នោតសកលក្នុងនោះរួមមានទាំងការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន គ្រោងនឹងត្រូវប្រពឹត្តទៅនៅនិទាឃរដូវឆ្នាំក្រោយ។ ប៉ុន្តែ ការបោះឆ្នោត នេះមិនអាចធ្វើឡើងបានឡើយ ក្នុងពេលប្រទេសអ៊ុយក្រែនកំពុងស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក ដែលត្រូវបានប្រកាសចាប់តាំងពីសង្រ្គាមឈ្លានពាន របស់រុស្ស៉ីផ្ទុះឡើងកាលពីឆ្នាំ២០២២មក។

នៅក្នុងសុន្ទរកថាប្រចាំថ្ងៃ កាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា លោក ហ្សេលេនស្គី បានលើកឡើងថាសព្វថ្ងៃគឺជាពេលដែលអ៊ុយក្រែនត្រូវការពារ និងតស៊ូ ប្រយុទ្ធដើម្បីជោគវាសនាប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ «យើងត្រូវតែសម្រេចចិត្តថាបច្ចុប្បន្នជាពេលការពារ និងតស៊ូប្រយុទ្ធដើម្បីជោគវាសនា ប្រទេសជាតិ និងប្រជាជនអ៊ុយក្រែន»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី ដោយសង្កត់ធ្ងន់បន្ថែមថាឥលូវជាពេលដែលអ៊ុយក្រែនត្រូវ រួបរួមគ្នា មិនមែនជាពេលត្រូវបែកបាក់គ្នានោះទេ ដូច្នេះលោកយល់ថានេះមិនមែនជាពេលល្អត្រូវរៀបចំការបោះឆ្នោតឡើយ។

គួរបញ្ជាក់ថា ខណៈស្ថានការណ៍នៅឯសមរភូមិនៅតែមិនមានការផ្លាស់ប្ដូរធំដុំ និងសង្រ្គាមរវាងអ៉ីស្រាអែល-ហាម៉ាស ក្រុមមន្ត្រីមកពីសហរដ្ឋអាមេរិក និងអឺរ៉ុប ត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យអ៊ុយក្រែនចូលតុចរចាជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាមដែលចាយពេលជាង២០ខែមកនេះ។ ប៉ុន្តែ លោក ហ្សេលេនស្គី បានបដិសេធថាប្រតិបត្តិការវាយបករបស់កងទ័ពអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី មិនមែនកំពុងជាប់គាំងឡើយ ហើយថានឹងមិនទទួលយក បទឈប់បាញ់ជាដាច់ខាត រហូតទាល់តែកងទ័ពរុស្ស៉ីទាំងអស់ដកចេញពីប្រទេសរបស់លោក៕

រូបភាពពី AFP