(គូឡាឡាពួ)៖ ម៉ាឡេស៊ី នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះបាននិយាយថាខ្លួននឹងមិនទទួលស្គាលឡើយទណ្ឌកម្មឯកតោភាគី ជាការឆ្លើយតបទៅនឹង​សេចក្ដីព្រាងច្បាប់មួយរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅដាក់ទណ្ឌកម្មលើអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ នៅក្នុងទឹកដីប៉ាឡេស្ទីន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសំណេមួយឆ្លើយតបទៅនឹងសភាជាតិម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៉ីប្រាហ៊ីម បានកត់សម្គាល់ថាសេចក្ដីព្រាងច្បាប់របស់អាមេរិក អាចនឹងបង្កផលប៉ះពាល់ដល់ម៉ាឡេស៊ី តែក្នុងករណីដែលមានភស្តុតាងបង្ហាញពីការគាំទ្រជាលក្ខណៈសម្ភារៈសម្រាប់ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអ៉ីស្លាមជីហាដ។ «រាល់ទណ្ឌកម្មប្រឆាំងនឹងម៉ាឡេស៊ី ក៏អាចជះឥទ្ធិពលដល់ការវាយតម្លៃរបស់រដ្ឋាភិបាលអាមេរិក និងក្រុមហ៊ុនអាមេរិកចំពោះម៉ាឡេស៊ី ព្រមទាំងប៉ះពាល់ផងដែរដល់កាលានុវត្តភាពវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសម៉ាឡេស៊ី»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អាន់វ៉ា។

គួរបញ្ជាក់ថា បើតាមលោក អាន់វ៉ា រដ្ឋាភិបាលម៉ាឡេស៊ី នឹងបន្តតាមដានស្ថានការណ៍វិវត្តន៍ស្ដីពីសេចក្ដីព្រាងច្បាប់ខាងលើរបស់សហរដ្ឋអាមេរិក ដែលមានគោលដៅទប់ស្កាត់ ក៏ដូចជាកាត់ផ្ដាច់លំហូរហិរញ្ញវត្ថុទៅកាន់ក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធដទៃទៀតក្នុងទឹកដីប៉ាឡេស្ទីន៕

រូបភាពពី Reuters