(ម៉ានីល)៖ ហ្វីលីពីន រំពឹងថាអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយជាមួយជប៉ុន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីអនុញ្ញាត ការដាក់ពង្រាយកងទ័ពទៅវិញទៅមកនៅលើទឹកដីនៃប្រទេសទាំង២។ នេះបើតាមរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ហ្វីលីពីន និងជប៉ុនដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក បានឯកភាពគ្នាលើកិច្ចចរចា ស្ដីពីការដាក់ពង្រាយកងទ័ពទៅវិញទៅមក នៅលើទឹកដីនៃប្រទេសទាំង២ នៅចំពោះមុខការកើនឡើងភាពតានតឹងនៅក្នុងតំបន់។ ប្រទេសទាំង២នេះក៏សុទ្ធសឹងតែជាភាគីជម្លោះដែនទឹក ជាមួយចិនផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងសម្លឹងឆ្ពោះទៅមុខចំពោះកិច្ចព្រមព្រៀងរវាងប្រទេសយើងទាំង២ ផ្អែកទៅលើការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលជប៉ុន និងហ្វីលីពីន ក្នុង ការថែរក្សាការពារសណ្ដាប់ធ្នាប់ផ្អែកលើច្បាប់ជាមូលដ្ឋាន ន​ិងច្បាប់អន្តរជាតិ»។ លោក Teodoro បន្តថានៅពេលទទួលបានជោគជ័យ កិច្ចព្រមព្រៀងនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាហ្វីលីពីន និងសភាជប៉ុន សម្រាប់ការផ្ដល់សច្ចាប័ន។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ហ្វីលីពីន កាលពីចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ប្រទេសរបស់លោក និងហ្វីលីពីន រួមទាំងសហរដ្ឋអាមេរិក កំពុងធ្វើកិច្ចសហប្រតិបត្តិការលើការការពារសេរីភាពក្នុងតំបន់សមុទ្រចិនខាងត្បូង ក្នុងបរិបទនៃការកើនឡើងភាពតានតឹងជាមួយចិន៕

រូបភាពពី Reuters