(វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មានផែនការបញ្ជូនគ្រាប់បែកមានបំពាក់ប្រព័ន្ធ GPS ក្នុងទំហំទឹកប្រាក់ ៣២០លានដុល្លារ ទៅឱ្យអ៉ីស្រាអែល ខណៈលោក បៃដិន និងក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកកំពុងជំរុញឱ្យអ៉ីស្រាអែលការពារអាយុជនស៊ីវិលក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើសេចក្ដីរាយការណ៍មុនគេរបស់កាសែតអាមេរិក Wall Street Journal ដែល បានឱ្យដឹងថារដ្ឋបាលលោក បៃដិន បានបញ្ជូនសេចក្ដីជូនដំណឹងជាផ្លូវការទៅកាន់ថ្នាក់ដឹកនាំសភាទាំង២ របស់សហរដ្ឋអាមេរិក ពីគម្រោងបញ្ជូនគ្រាប់បែក Spice Family Gliding Bomb Assemblies ដែលជាប្រភេទគ្រាប់បែកបំពាក់ប្រព័ន្ធ GPS បាញ់ចេញពីយន្ដហោះចម្បាំង។

បើតាម Wall Street Journal ក្រុមហ៊ុន Rafael USA នឹងបញ្ជូនគ្រាប់បែកនេះទៅឱ្យក្រុមហ៊ុនសម្ព័ន្ធរបស់ខ្លួនគឺ Rafael Advanced Defense Systems សម្រាប់ឱ្យក្រសួងការពារជាតិអ៉ីស្រាអែលយកទៅប្រើប្រាស់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដែរ ប្រមុខអង្គការសហប្រជាជាតិបានហៅតំបន់ហ្កាហ្សាថាជាវាលកប់ខ្មោចសម្រាប់កុមារ និងបង្កើនការអំពាវនាវ ឱ្យមានបទឈប់បាញ់មួយជាបន្ទាន់ ខណៈមន្ត្រីក្នុងតំបន់ហ្កាហ្សា បានអះអាងថាមនុស្សច្រើនជាង ១០,០០០នាក់ហើយត្រូវបានសម្លាប់នៅក្នុងការទម្លាក់ គ្រាប់បែករបស់អ៉ីស្រាអែល ជាការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា៕

រូបភាពពី AFP