(ចូហានណេសប៊ឺក)៖ រដ្ឋាភិបាល​អាហ្រ្វិក​ខាង​ត្បូង​ នៅថ្ងៃចន្ទសប្តាហ៍នេះ​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត និង​បេសកកម្ម​ការទូត​របស់​ខ្លួន​ប្រចាំ​នៅ​អ៊ីស្រាអែល​ ដើម្បី​ថ្កោលទោស​ការ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ហ្កាហ្សា ដែលហៅ​ខ្លួន​ថា​ជា​អំពើ​ប្រល័យពូជសាសន៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋាភិបាល ក៏បានគំរាមចាត់វិធានការប្រឆាំង នឹងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអាហ្រ្វិកខាងត្បូង ជុំវិញការអត្ថាធិប្បាយថ្មីៗរបស់លោក អំពីជំហររបស់អាហ្វ្រិកខាងត្បូង ក្នុងសង្គ្រាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស។ ប៉ុន្តែមិន​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ការ​លើក​ឡើង​នេះ​ទេ។

គួរបញ្ជាក់ថា សង្គ្រាមផ្ទុះឡើងបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានវាយឆ្មក់អ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា បណ្តាលឲ្យមនុស្សជាង ១,៤០០ នាក់បានស្លាប់។ ប៉ាឡេស្ទីនជាង ១០,០០០ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយបកយោធារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕

រូបភាពពី AFP