(សេអ៊ូល)៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានឯកភាពគ្នាលើការបង្កើតក្រុមការងារពិគ្រោះយោបល់កម្រិតខ្ពស់មួយ ដើម្បីទប់ទល់នឹងការវាយប្រហារព័ត៌មានវិទ្យា ពីសំណាក់កូរ៉េខាងជើង ដែលសម្ព័ន្ធមិត្តទាំង៣ អះអាងថាជាមធ្យោបាយដែលទីក្រុងព្យុងយ៉ាងប្រើប្រាស់ក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុដល់កម្មវិធីអាវុធរបស់ខ្លួន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រី Anne Neuberger ទីប្រឹក្សាសន្តិសុខជាតិរងរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកព័ត៌មានវិទ្យា និងបច្ចេកវិទ្យាទំនើបថ្មីៗ បានបើកកិច្ចពិភាក្សាជាមួយសមភាគីរបស់ លោកស្រីមកពីកូរ៉េខាងត្បូង និងជប៉ុន ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីសប្ដាហ៍មុន។ តាមការឱ្យដឹងពីវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅថ្ងៃចន្ទនេះ ភាគីទាំង៣ បានឯកភាពគ្នា ថានឹងរៀបចំជំនួបនៅក្រោមក្របខណ្ឌថ្មី ដែលមានគោលដៅពង្រឹងសមត្ថភាពឆ្លើយតបរបស់ប្រទេសទាំង៣ ឱ្យកាន់តែមានប្រសិទ្ធភាពប្រឆាំងនឹងគំរាមកំហែងពី ការវាយប្រហារព័ត៌មានវិទ្យាជាសកល ក្នុងនោះរួមមានទាំងទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង។

គួរបញ្ជាក់ថា ការប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង កើតមានឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសជាសម្ព័ន្ធមិត្តទាំង៣ បានឯកភាពនៅឯកិច្ចប្រជុំ កំពូលនៅឯជំរំ Camp David កាលពីខែសីហាថាពួកគេនឹងបង្កើតក្រុមការងារត្រីភាគីថ្មីមួយ ដើម្បីទប់ទល់នឹងគំរាមកំហែងខាងព័ត៌មានវិទ្យាពីកូរ៉េខាងជើង។

ក្រុមអ្នកតាមដានការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង បានឱ្យដឹងទីក្រុងព្យុងយ៉ាងបាន និងកំពុងប្រើប្រាស់ការវាយប្រហារព័ត៌មាន ឬ Hack ដើម្បីលួចលុយរាប់រយលាន ដុល្លារពីជុំវិញពិភពលោក ផ្គត់ផ្គង់ទៅដល់កម្មវិធីអាវុធរបស់ខ្លួន។ ប៉ុន្តែ កូរ៉េខាងជើងជារឿយៗបានច្រានចោលការចោទប្រកាន់បែបនេះ៕

រូបភាពពី Reuters