(វ៉ាស៊ីនតោន)៖ ការស្ទង់មតិថ្មីមួយចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថាបេក្ខជនឈានមុខគេសម្រាប់តំណែងជា បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ គឺលោក ដូណាល់ ត្រាំ បាននាំមុខលោកប្រធានាធិបតី ចូ បៃដិន នៅក្នុងរដ្ឋចំនួន៥ ដែលស្ថិតក្នុងចំណោមរដ្ឋសំខាន់ៗ បំផុតទាំង៦ ដែលអាចសម្រេចថាតើនរណានឹងក្លាយជាប្រធានាធិបតីអាមេរិកសម្រាប់បោះឆ្នោតនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការស្ទង់មិតខាងលើធ្វើឡើងដោយកាសែតអាមេរិក New York Times និងស្ថាប័ន Siena College។ ការស្ទង់មតិនេះបានបង្ហាញថាលោក ត្រាំ បាននាំមុខលោក បៃដិន ក្នុងសំឡេងគាំទ្រជាមធ្យម ៤៨ភាគរយ ទល់នឹង៤៤ភាគរយ នៅក្នុងរដ្ឋ Arizona, Georgia, Michigan, Nevada និងរដ្ឋ Pennsylvania។ លោក បៃដិន បាននាំមុខ លោក ត្រាំ តែនៅក្នុងរដ្ឋ Wisconsin ប៉ុណ្ណោះ ក្នុងសំឡេងគាំទ្រ ៤៧ភាគរយ ទល់នឹង៤៥ភាគរយ។

គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលសព្វថ្ងៃមានអាយុ ៨០ឆ្នាំ ធ្លាប់បានបំបាក់លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋទាំង៦ខាងលើ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ ហើយបើតាមការស្ទង់មតិខាងលើដដែល ការថយចុះប្រជាប្រិយភាពរបស់លោក បៃដិន មានមួយភាគធំ បណ្ដាលមកពីប្រជាជនអាមេរិកកំពុងមានការ សង្ស័យពីកត្តាអាយុរបស់លោក បៃដិន និងការមិនពេញចិត្តរបស់ពួកគេចំពោះលោក បៃដិន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច៕

រូបភាពពី Reuters