(ហ្ស៊េរុយសាឡិម)៖​ អីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះបានច្រានចោលការអំពាវនាវកាន់តែច្រើនឡើងឱ្យមានបទឈប់បាញ់នៅក្នុង តំបន់ហ្កាហ្សា ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបញ្ជាក់ជាថ្មីថានឹងមិនមានឡើយបទឈប់បាញ់ រហូតទាល់តែចំណាប់ខ្មាំង ទាំងអស់ត្រូវបានដោះលែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក Benjamin Netanyahu បានលើកឡើងថាចំណាប់ខ្មាំងជាង ២៤០នាក់ដែលត្រូវបានក្រុមហាម៉ាសចាប់ជាចំណាប់ខ្មាំង អំឡុងការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ត្រូវតែមានសេរីភាពឡើងវិញ។ លោក Netanyahu បានគូសបញ្ជាក់ដូច្នេះថា «វានឹងមិនមានឡើយបទឈប់បាញ់ដោយគ្មាន ការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងទាំងអស់។ ពាក្យបទឈប់បាញ់នេះគួរតែត្រូវបានលុបចេញពីវចនានុក្រម។ យើងបានប្រាប់រឿងនេះទៅកាន់មិត្ត របស់យើង និងសត្រូវរបស់យើង។ យើងនឹងបន្តការវាយលុករហូតទាល់តែយើងអាចបំបាក់ពួកគេ (ហាម៉ាស) ព្រោះយើងគ្មានជម្រើសផ្សេងនោះទេ»

គួរបញ្ជាក់ថា​ ការលើកឡើងបែបនេះរបស់លោក Benjamin Netanyahu កើតមានឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសមកពីប្រទេសកាតា អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប ហ្ស៊កដានី និងអេមីរ៉ាតអារ៉ាប់រួម បានជួបរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ក្នុងទីក្រុងអាម៉ាន់ នៃប្រទេសហ្ស៊កដានី កាលពី ថ្ងៃសៅរ៍កកន្លងទៅនេះ និងបានជំរុញឱ្យលោក Blinken បញ្ចុះបញ្ចូលឱ្យអ៉ីស្រាអែលយល់ព្រមទទួលយកបទឈប់បាញ់។

ក្រុមមន្ត្រីក្នុងតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បានឱ្យដឹងថាជនជាតិប៉ាឡេស្ទីនច្រើនជាង ៩៧៧០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ ក្នុងការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសបើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាដោយសម្លាប់ជនជាតិអ៉ីស្រាអែល ១៤០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង ២៤០នាក់ជាចំណាប់ខ្មាំង៕

រូបភាពពី Reuters