(ដាក្កា)៖ របាយការណ៍មួយនាថ្ងៃអាទិត្យនេះ ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៃប្រទេសបង់ក្លាដែសផ្ទាល់ បានអះអាងថា ប៉ូលិសបង់ក្លាដែស បានចាប់ខ្លួនសកម្មជននិងអ្នកនយោបាយប្រឆាំងសរុបជិត៨,០០០នាក់ ក្នុងការបង្រ្កាបទ្រង់ទ្រាយធំ ដែលចាប់ផ្តើមបន្ទាប់ពីមានបាតុកម្ម​កក្រើកមួយនៅរដ្ឋធានីដាក្កា កាលពីមួយសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការចាប់ខ្លួនមនុស្សយ៉ាងច្រើននេះកើតមានឡើង ខណៈដែលការបោះឆ្នោតសកល នឹងប្រព្រឹត្តទៅនាខែមករា ឆ្នាំ២០២៤។ គណបក្សប្រឆាំង​ធំបំផុតនៅបង់ក្លាដែស BNP និងសម្ព័ន្ធមិត្តរបស់ខ្លួន បានរៀបចំការធ្វើបាតុកម្មធំៗជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានខែមកនេះ ដើម្បីទាមទារឱ្យ​នាយករដ្ឋមន្រ្តីលោកស្រី Sheikh Hasina ចុះចេញពីតំណែង ហើយអនុញ្ញាតឱ្យរដ្ឋាភិបាលអព្យាក្រឹតបណ្តោះអាសន្នមួយ ជាអ្នកទទួលបន្ទុកមើលការខុសត្រូវលើដំណើរការបោះឆ្នោត។

នៅក្រោមការដឹកនាំរយៈពេលប្រមាណ១៥ឆ្នាំ របស់លោកស្រី Hasina ប្រទេសអាស៉ីខាងត្បូងមួយនេះ បានមើលឃើញភាពរីកចម្រើន​គួរឱ្យកត់សម្គាល់ ប៉ុន្តែលោកស្រីបានរងការចោទប្រកាន់ថា ដឹកនាំបង់ក្លាដែសដោយប្រើកណ្តាប់ដៃដែក។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំកំពូលៗមួយចំនួន នៃស្ថាប័នប៉ូលិសរបស់បង់ក្លាដែស ដោយចោទប្រកាន់ពីសកម្មភាពរំលោភសិទ្ធិមនុស្ស។

គួរបញ្ជាក់ថា អ្នកគាំទ្រនិងសកម្មជនក្រុមប្រឆាំងសរុបជាង​ ១០០,០០០នាក់ បានចូលរួមបាតុកម្មដ៏ធំសម្បើមមួយ នៅកណ្តាលទីក្រុងដាក្កា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន នៅពេលមន្រ្តីប៉ូលិសម្នាក់បានបាត់បង់ជីវិត អំលុងការប៉ះទង្គិចគ្នា។ ចាប់តាំងពីនោះមក ប៉ូលិសបង់ក្លាដែស​បានបើកយុទ្ធនាការបង្រ្កាបទ្រង់ទ្រាយធំ លើគណបក្ស BNP ដោយបានចាប់ខ្លួនសកម្មជន និងអ្នកនយោបាយប្រឆាំងរាប់ពាន់នាក់ ហើយ​បានចោទប្រកាន់ថ្នាក់ដឹកនាំ និងសមាជិកជាន់ខ្ពស់ សរុបយ៉ាងហោច១៦២នាក់ នៃគណបក្សនេះ ថាមានចេតនាសម្លាប់មន្រ្តីប៉ូលិសរូបនោះ។

យោងតាមរបាយការណ៍នាថ្ងៃអាទិត្យនេះ ដោយសារព័ត៌មានល្បីបំផុតរបស់បង់ក្លាដែស Prothom Alo មនុស្សយ៉ាងហោច ៧,៨៣៥នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន ដោយផ្អែកលើសេចក្តីរាយការណ៍ ពីក្រុមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួន នៅទូទាំងប្រទេស។ រីឯ​អ្នកនាំពាក្យស្ថាប័នប៉ូលិសជាតិបង់ក្លាដែស បាននិយាយថា វាជារឿងពិបាកក្នុងការផ្តល់តួលេខជាក់លាក់ នៃចំនួនអ្នកត្រូវបានចាប់ខ្លួន៕

រូបភាពពី AFP