(សិង្ហបុរី)៖ នៅថ្ងៃអាទិត្យនេះ នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី លោក Lee Hsien Loong បានប្រកាសថា លោក Lawrence Wong ដែលជាឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ នឹងឡើងកាន់តំណែងជំនួសលោក ជាមេដឹកនាំនៃគណបក្សកាន់អំណាច PAP នៅមុន​ការបោះឆ្នោតសកលអាណត្តិបន្ទាប់ ដែលត្រូវប្រព្រឹត្តទៅមិនឱ្យលើសពីខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដោយគណបក្ស PAP ត្រូវគេរំពឹងថានឹងនៅបន្តទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកលជាបន្តបន្ទាប់នោះ វាមានន័យថា លោក Wong ក៏នឹងក្លាយជា​នាយករដ្ឋមន្រ្តីសិង្ហបុរីថ្មីផងដែរ។ រូបលោកនឹងជានាយករដ្ឋមន្រ្តីទី៤ ដែលដឹកនាំប្រទេសសិង្ហបុរី គិតចាប់តាំងពីការទទួលបានឯករាជ្យកាលពី​ឆ្នាំ១៩៦៥មក ហើយនឹងជានាយករដ្ឋមន្រ្តីសិង្ហបុរីទី២ ដែលមិនមែនជាសមាជិកគ្រួសារត្រកូល លី។ លោក Lee Hsien Loong ជាកូនប្រុសច្បង​របស់លោក Lee Kuan Yew ដែលជាបិតាស្ថាបនិកប្រទេសសិង្ហបុរី។ នាយករដ្ឋមន្រ្តីសិង្ហបុរី បន្ទាប់ពីលោក Lee Kuan Yew មាន​ឈ្មោះថា Goh Chok Tong។

លោក Lee Hsien Loong ដែលមានវ័យ៧១ឆ្នាំ កន្លងមកបានគ្រោងចុះចេញពីតំណែង កាលពីឆ្នាំ២០២២ មុនខួបកំណើតគម្រប់វ័យ​៧០ឆ្នាំរបស់លោក ប៉ុន្តែផែនការនោះក៏ត្រូវបានពន្យារពេលវិញ ដោយលោក Lee បាននិយាយ លោកត្រូវដឹកនាំសិង្ហបុរីឆ្លងឱ្យផុតវិបត្តិកូវីដ១៩។ ថ្លែងទៅកាន់សមាជិកគណបក្ស PAP នាថ្ងៃអាទិត្យនេះ លោក Lee បានលើកឡើងថា លោក Wong និងក្រុមអ្នកបន្តវេន បានបង្ហាញឱ្យឃើញសមត្ថភាពគ្រប់គ្រាន់ អំលុងវិបត្តិកូវីដ ហើយពុំមានហេតុផលអ្វី ដើម្បីពន្យារពេលការផ្ទេរអំណាចទៀតនោះទេ។

លោក Lee បានប្រកាសយ៉ាងដូច្នេះថា «ហេតុនេះហើយ ខ្ញុំគ្រោងនឹងផ្ទេរអំណាចឱ្យទៅឧបនាយករដ្ឋមន្រ្តី Lawrence Wong នៅមុន​ការបោះឆ្នោតសកលអាណត្តិក្រោយ»។ លោក Lee មិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ ដោយត្រឹមនិយាយថា «ប្រសិនបើអ្វីៗប្រព្រឹត្តទៅដោយរលូន ខ្ញុំនឹងផ្ទេរអំណាចមិនឱ្យហួសខួប៧០ឆ្នាំនៃការបង្កើតបក្ស PAP ឆ្នាំក្រោយឡើយ» ដែលចង់សំដៅលើខែវិច្ឆិកា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា លោក Lee បានកាន់អំណាចជានាយករដ្ឋមន្រ្តី តាំងតែពីឆ្នាំ២០០៤មក ហើយលោកក៏ជាអគ្គលេខាធិការនៃគណបក្ស PAP ផងដែរ ដែលបានដឹកនាំប្រទេសដែនកោះមួយនេះ ចាប់តាំងពីឆ្នាំ១៩៦៥មក។ កាលពីឆ្នាំ២០២២ លោក Lee បានប្រកាសថា រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Lawrence Wong ដែលបច្ចុប្បន្នមានអាយុ៥០ឆ្នាំ នឹងក្លាយជាអ្នកបន្តវេនរបស់លោក ហើយបានឡើងឋានៈលោក Wong ជាឧបនាយករដ្ឋមន្រ្តី៕

រូបភាពពី Reuters