(កៀវ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា ពេលវេលាកាន់តែកន្លងផុតទៅ ហើយមនុស្សក៏កាន់តែនឿយហត់ ប៉ុន្តែសង្រ្គាមជាមួយរុស្ស៉ី មិនមែនកំពុងស្ថិតក្នុងសភាពជាប់គាំងនោះទេ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥​ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហ្សេលេនស្គី បានលើកឡើងដូចខាងលើ អំលុងសន្និសីទសារព័ត៌មានមួយ ជាមួយប្រមុខគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានមកបំពេញទស្សនកិច្ចសាជាថ្មីម្តងទៀតនៅទីក្រុងកៀវ។ លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានច្រានចោល​ផងដែរចំពោះការលើកឡើងមួយចំនួន ដែលថាក្រុមប្រទេសលោកខាងលិច កំពុងដាក់សម្ពាធឱ្យអ៊ុយក្រែនចូលអង្គុយតុចរចាជាមួយរុស្ស៉ី។ ក្នុងរយៈពេលប្រមាណ១ឆ្នាំចុងក្រោយនេះ សមរភូមិជួរមុខរវាងភាគីទាំងសងខាង គឺហាក់គ្មានការផ្លាស់ប្តូរខ្លាំងឡើយ។ ខាងរុស្ស៉ីក៏បានបដិសេធ​ការលើកឡើងថា សង្រ្គាមនៅអ៊ុយក្រែនស្ថិតក្នុងសភាពជាប់គាំងដូចគ្នា។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី បានបន្តថា សង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស ក៏បានស្រូបទាញការផ្តោតចំណាប់អារម្មណ៍​ចេញពីអ៊ុយក្រែនផងដែរ ហើយបានអះអាងថា វាគឺជាគោលដៅមួយរបស់រុស្ស៉ី។ លោកស្រី von der Leyen បាននិយាយថា គណៈកម្មការសហភាពអឺរ៉ុប បានស្នើថវិកាបន្ថែមចំនួន៥៤ពាន់លានដុល្លារ សម្រាប់ផ្តល់ជំនួយដល់អ៊ុយក្រែន រហូតដល់ឆ្នាំ២០២៧។ ក្រុមប្រទេសលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិក ធ្លាប់បានអះអាងថា ពួកគេត្រៀមលក្ខណៈជានិច្ច ដើម្បីគាំទ្រអ៊ុយក្រែនជាមួយ​ជំនួយយោធានិងហិរញ្ញវត្ថុ រហូតទាល់តែទទួលជ័យជម្នះលើរុស្ស៉ី៕

រូបភាពពី Reuters