(ហ៊្សេរុយសាឡិម)៖ ក្រុមប៉ូលិសអ៉ីស្រាអែលបានរារាំងក្រុមបាតុករ ដែលបានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ា នៅខាងក្រៅគេហដ្ឋានរបស់​នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចំពោះមុខការរីករាលដាលអារម្មណ៍ខឹងសម្បាររបស់ប្រជាជន ជុំវិញភាពបរាជ័យដែលបានបណ្តោយឱ្យមានការវាយប្រហារដ៏ប្រល័យ កាលពីខែតុលា ដោយក្រុមហាម៉ាសប៉ាឡេស្ទីន លើសហគមន៍ជាច្រើននៅក្បែរតំបន់ Gaza Strip។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រុមបាតុករដែលមានមនុស្សខ្ទង់រយនាក់ បានព្យាយាមទម្លុះចូលរនាំងការពាររបស់ប៉ូលិស ដែលត្រូវបានដាក់នៅជុំវិញគេហដ្ឋានរបស់លោក Netanyahu ក្នុងទីក្រុងហ៊្សេរុយសាឡិម។ ពួកគេបានទាមទារឱ្យ លោកនាយករដ្ឋមន្រ្តី ចុះចេញពីតំណែង ហើយជាច្រើននាក់បានស្នើឱ្យ​មានបទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីសម្របសម្រួលឱកាសបានវិលត្រឡប់មកវិញ នៃចំណាប់ខ្មាំងច្រើនជាង២០០នាក់ ដែលត្រូវ​បានចាប់ពង្រត់ពីអ៉ីស្រាអែល យកទៅតំបន់ Gaza អំលុងការវាយប្រហារកាលពីខែមុន។

មកទល់នឹងពេលនេះ លោក Netanyahu មិនបានបង្ហាញការទទួលខុសត្រូវផ្ទាល់ខ្លួននោះឡើយ សម្រាប់ភាពបរាជ័យដែលបានបណ្តោយឱ្យមាន ការវាយប្រហារទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើល ដែលបានមើលឃើញ ខ្មាន់កាំភ្លើងរាប់រយនាក់របស់ក្រុមហាម៉ាស សម្រុកចូលលុកលុយតំបន់​ភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយបានសម្លាប់មនុស្សជាង១,៤០០នាក់ និងចាប់មនុស្សយ៉ាងហោច២៤០នាក់ទៀត យកធ្វើជាចំណាប់ខ្មាំង។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានច្រានចោលការអំពាវនាវឱ្យមានបទឈប់បាញ់ សម្រាប់សង្រ្គាមរបស់ខ្លួននៅតំបន់ Gaza ហើយកាលពី​ថ្ងៃសុក្រសប្តាហ៍នេះ លោក Netanyahu ផ្ទាល់ បានបដិសេធសូម្បីតែការស្នើសុំឱ្យមាន ការផ្អាកប្រយុទ្ធគ្នាជាបណ្តោះអាសន្នក្នុង​បុព្វហេតុមនុស្សធម៌ ពីសំណាក់រដ្ឋមន្រ្តីការបរទេសអាមេរិក ក្រោយកិច្ចជួបពិភាក្សាគ្នា។ ទោះបីមុនពេលផ្ទុះសង្រ្គាមទៅទៀត លោក Netanyahu គឺជាបុគ្គលដ៏ចម្រូងចម្រាសម្នាក់ ដោយរូបលោកប្រឈមការចោទប្រកាន់បទល្មើសពុករលួយ ហើយបានព្យាយាមជំរុញ​ផែនការមួយសំដៅរឹតត្បិតអំណាចតុលាការ ដែលបានបង្កឱ្យមនុស្សរាប់សិបម៉ឺននាក់ចេញធ្វើបាតុកម្មតាមដងផ្លូវ នាពេលកន្លងមក៕

រូបភាពពី Reuters