(អាម៉ាន់)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ក្រុមប្រទេសអារ៉ាប់បានដាក់សម្ពាធជាសាធារណៈ ឱ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken ខិតខំប្រឹងប្រែងសម្រេចឱ្យបានបទឈប់បាញ់ ឬ ceasefire ជាបន្ទាន់មួយ សម្រាប់សង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ ហ្កាហ្សា ស្រ្ទីព (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

យ៉ាងណាមិញ ក្នុងការបង្ហាញភាពខ្វែងគំនិតគ្នាដោយចំហយ៉ាងកម្រមួយ លោក Blinken បានបដិសេធការជំរុញរបស់ក្រុមប្រទេសអារ៉ាប់ ខណៈដែលរូបលោកឈរនៅក្បែររដ្ឋមន្រ្តីការបរទេសហ៊្សកដានី និងរដ្ឋមន្រ្តីការបរទេសអេហ្ស៉ីប អំលុងសន្និសីទសារព័ត៌មានមួយ ដោយលោកប្រមុខការទូតអាមេរិក បានលើកហេតុផលថា បទឈប់បាញ់នឹងទុកឱកាសឱ្យក្រុមហាម៉ាស ប្រមូលផ្តុំកម្លាំងឡើងវិញនៅ Gaza។

លោក Blinken បានបើកកិច្ចប្រជុំជាមួយ ប្រមុខការទូតមកពីប្រទេសរ៉ាប់ រួមមានអារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម អេហ្ស៉ីប និងហ៊្សកដានី នៅទីក្រុងអាម៉ាន់​នៃប្រទេសហ៊្សកដានី។ អំលុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំនោះ រដ្ឋមន្រ្តីការបរទេសហ៊្សកដានី លោក Ayman Safadi បានលើកឡើងដូច្នេះថា «នាពេលនេះ យើងត្រូវតែធ្វើយ៉ាងណាធានាឱ្យបានថា សង្រ្គាមនេះនឹងត្រូវបញ្ឈប់»។ យ៉ាងណាក្តី លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានឆ្លើយតបដូច្នេះថា «បទឈប់បាញ់នាពេលនេះ នឹងផ្តល់ឱកាសឱ្យក្រុមហាម៉ាសស្ថិតនៅដដែល ហើយអាចប្រមូលផ្តុំកម្លាំងឡើងវិញ និងបន្តប្រព្រឹត្តទង្វើដែលពួកគេបានធ្វើ កាលពីថ្ងៃទី៧ ខែតុលា»

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនបានរក្សាការគាំទ្រយ៉ាងរឹងមាំរបស់ខ្លួនសម្រាប់អ៉ីស្រាអែល ប៉ុន្តែក៏បានចាប់ផ្តើមអំពាវនាវផងដែរ ឱ្យមានអ្វីដែល​ហៅថា «ការផ្អាកការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន ក្នុងបុព្វហេតុមនុស្សធម៌ ឬ temporary humanitarian pauses» ដើម្បីអនុញ្ញាត​ឱ្យជំនួយចូលទៅកាន់តំបន់ Gaza។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក​ Benjamin Netanyahu បានបដិសេធសំណើចង់ឱ្យផ្អាកការប្រយុទ្ធគ្នាពីសំណាក់លោក Blinken ក្រោយការជួបពិភាក្សាគ្នា។ លោក Blinken កំពុងស្ថិតក្នុង​ដំណើរទស្សនកិច្ចជាលើកទី២ នៅមជ្ឈិមបូព៌ា គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន កាលពីមួយខែមុន។

ភ្លើងសង្រ្គាមបានឆាបឆេះឡើង កាលពីថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ Gaza បានសម្រុកឆ្លងព្រំដែនចូលវាយលុក​អ៉ីស្រាអែល ក្នុងការវាយប្រហារទ្រង់ទ្រាយធំដ៏ភ្ញាក់ផ្អើលមួយ ដែលបានសម្លាប់មនុស្សជាង១,៤០០នាក់ ហើយមនុស្សជាង២៤០នាក់​ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។ ចាប់តាំងពីពេលនោះ អ៉ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើ Gaza, ដាក់ការបិទខ្ទប់​ទាំងស្រុង និងបើកប្រតិបត្តិការជើងគោកថែមទៀត ជាហេតុនាំឱ្យមានព្រួយបារម្ភកាន់តែខ្លាំងឡើងៗជាសកល ជុំវិញស្ថានភាពមនុស្សធម៌​នៅដែនដីប៉ាឡេស្ទីនមួយនោះ។ តួលេខចុងក្រោយពីអាជ្ញាធរសុខាភិបាលនៅតំបន់ Gaza បានបង្ហាញថា ចំនួនមនុស្សស្លាប់បានបន្តកើនដល់យ៉ាងហោច ៩,៤៨៨នាក់ ដោយសារការវាយប្រហារសងសឹករបស់អ៉ីស្រាអែល៕

រូបភាពពី Reuters