(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា កូរ៉េខាងជើងបានសម្រេចបង្កើតថ្ងៃឈប់សម្រាកថ្មីមួយ ដើម្បីអបអរគម្រប់ខួបនៃការបាញ់តេស្តដោយជោគជ័យ នូវមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) Hwasong-17 របស់ខ្លួនកាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់មីស៉ីល Hwasong-17 ដែលក្រុមអ្នកវិភាគបានដាក់រហស្សនាម​ឱ្យថា «មីស៉ីលបិសាច»។ នៅថ្ងៃអាទិត្យនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថា គម្រប់ខួបនៃការតេស្តមីស៉ីលនោះ ត្រូវបានចាត់ជាថ្ងៃឈប់សម្រាកថ្មីមួយ អំលុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអចិន្រ្តៃយ៍នៃសភាកូរ៉េខាងជើង។ ថ្ងៃឈប់សម្រាកថ្មីនោះ ត្រូវបានហៅថា «ទិវាឧស្សាហកម្មមីស៉ីល (Missile Industry Day)»

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តបាញ់មីស៉ីលជាច្រើនលើក ដោយមិនខ្វល់ការព្រមានពីសំណាក់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ហើយនិងសម្ព័ន្ធមិត្តរបស់ពួកគេឡើយ។ នាពេលថ្មីៗនេះ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ក៏បានអះអាងដែរថា កូរ៉េខាងជើង​កំពុងស្ថិតនៅដំណាក់កាលចុងក្រោយ នៃការត្រៀមលក្ខណៈដើម្បីព្យាយាមជាលើកទី៣ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មយោធា ឡើងទៅកាន់ទីអវកាស បន្ទាប់ពីការប៉ុនប៉ង២លើកកន្លងមក បានទទួលបរាជ័យ៕

រូបភាពពី Reuters