(ម៉ានីល)៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida នៅថ្ងៃសៅរ៍នេះ បាននិយាយថា ប្រទេសរបស់លោក រួមទាំងសហរដ្ឋអាមេរិកនិងហ្វីលីពីន គឺកំពុងតែធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលដៅការពារសិទ្ធិសេរីភាព នៃតំបន់សមុទ្រចិនខាងត្បូង ខណៈរូបលោកបានមកបំពេញទស្សនកិច្ច នៅហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងការថ្លែងសុន្ទរកថានៅសភាជាតិហ្វីលីពីន ក្នុងរដ្ឋធានីម៉ានីល លោក Kishida បានលើកឡើងយ៉ាងដូច្នេះថា «នៅសមុទ្រចិនខាងត្បូង កិច្ចសហប្រតិបត្តិការត្រីភាគី សំដៅការពារសិទ្ធិសេរីភាពនៃតំបន់សមុទ្រនោះ កំពុងតែប្រព្រឹត្តទៅ។ ជប៉ុននឹងបន្តចូលរួមចំណែក​ជួយពង្រឹងសមត្ថភាពវិស័យសន្តិសុខរបស់ហ្វីលីពីន ហើយជាលទ្ធផលនឹងចូលរួមចំណែក ចំពោះសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន។ ជប៉ុនមានបំណងធ្វើឱ្យ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយហ្វីលីពីន កាន់តែមានភាពស៉ីជម្រៅខ្លាំងថែមទៀត នាពេលអនាគត»

គួរបញ្ជាក់ថា ជប៉ុននិងហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិក បានឯកភាពគ្នាកាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រោយជំនួប​ពិភាក្សារវាងលោក Kishida និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដើម្បីចាប់ផ្តើមការចរចាស្តីពី​កិច្ចព្រមព្រៀងការពារជាតិមួយ ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរ អាចដាក់ពង្រាយកងទ័ពទៅវិញទៅមកបាន។ ខុសពីហ្វីលីពីន ជប៉ុនពុំមាន​ការទាមទារចំណែកទឹកដី នៅតំបន់សមុទ្រចិនខាងត្បូងឡើយ ប៉ុន្តែមានបញ្ហាវិវាទជាមួយចិន នៅសមុទ្រចិនខាងកើត៕

រូបភាពពី AFP